ពោធិ៍សាត់ៈ លោក ឯម រុណ អធិការស្រុកក្រគរ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍២ករណី បានកើតឡើង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់របួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីទី១កើតឡើងនៅម៉ោង៦និង១៥នាទី ល្ងាច ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ស្ពានអូចន្លុះ ចន្លោះគីឡូម៉ែត្រលេខ ១៦៩-១៧០ ភូមិកណ្តុរស ឃុំបឹងកន្ទូត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានគោយន្តកន្ត្រៃដឹកបង្គោលរបង ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ មានម៉ូតូម៉ាក សង់កូរ៉េ១ គ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ សេង រេន អាយុ៥១ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមដំណើរជាមួយឈ្មោះ រេន ពៅ អាយុ៦ឆ្នាំ ភេទប្រុស ត្រូវជាកូនបង្កើត បើកស្របគ្នា លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយគោយន្ត ចំហៀងខាងឆ្វេង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកកូនដែលជិះពីក្រោយ មិនរងរបួសអ្វីទេ រីឯអ្នកបើកគោយន្តគេចខ្លួនបាត់ស្រមោល។
ចំណែករណីទី២ កើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់របួសស្រាល កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៤៧-១៤៨ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានរថយន្តធុនតូច បើកពីលិចទៅកើតមិនស្គាល់ម៉ាក លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ១គ្រឿង សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ បើកបរពីកើតទៅលិចបញ្ច្រាសគ្នា បានខ្ទៀតម៉ូតូទៅបុកម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ ដែលជិះឆ្លងថ្នល់ពីជើងទៅត្បូងបណ្តាល ឲ្យរងរបួសស្រាល២នាក់។ចំណែកអ្នកបើកបរម៉ូតូ ដែលត្រូវរថយន្តបុក រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់៕
មតិយោបល់