ភ្នំពេញៈ នាថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្រេចតម្លើងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ទៅជាអគ្គនាយកដ្ឋាន និងកែប្រែគ្រឹះស្ថានឧត្តមសិក្សាចំនួន៣ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ។
លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងនៅក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍នេះថា “ដើម្បីប្រសិទ្ធភាពការងារ នៅថ្ងៃនេះក្រសួងបានលើកមកពិភាក្សានូវរបៀបវារៈចំនួន៣ ទី១ផ្តោតលើការពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការដំឡើងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលទៅជាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ទី២សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រែក្លាយគ្រឹះស្ថានឧត្តមសិក្សាទាំង៣ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្របតាមគំរូថ្មី និងទី៣ពិភាក្សាលើបញ្ហាផ្សេងៗមួយចំនួនទៀតដែលើទាក់ទងនិងបរិបទជាក់ស្តែងដែលត្រូវអនុវត្តតទៅនេះ”។
ជាមួយគ្នានោះលោក វេង សាខុន បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងផ្ញើព័ត៌មានពីសកម្មភាព និងរូបភាពនៃសកម្មភាពជូនមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដើម្បីផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ឆ្លុះបញ្ចាំងពីសកម្មភាពក្រសួងទាំងមូល។ រីឯប្រធានអង្គភាពក្រោមឱវាទទាំងអស់ ត្រូវតាមដានមតិសាធារណជន ក្នុងហ្វេសប៊ុកក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីឆ្លើយតបនិងដោះស្រាយជាបន្ទាន់ រាល់ចម្ងល់ និងបញ្ហាទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារជំនាញរបស់ក្រសួងកសិកម្ម។
គួររំលឹកថា ការប្រកបកសិកម្មរបស់ប្រជាកសិករ នៅតាមតំបន់មួយចំនួនបានទាន់ពេលវេលាដោយសារមានភ្លៀងធ្លាក់គ្រប់គ្រាន់ ក៏មានតំបន់មួយចំនួនទៀត អាចនឹងយឺតពេលក្នុងការដាំដុះដំណាំកសិកម្ម ដោយសារអត់មានភ្លៀងធ្លាក់ និងកង្វះទឹកប្រើប្រាស់ និងស្រោចស្រប់៕
មតិយោបល់