ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្តើមផ្តល់ចំណេះដឹងអំពីសិទ្ធិមនុស្ស និងការពង្រឹងការអនុវត្តច្បាប់ ដល់យុវជន

ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបើកផ្តើមបើកយុទ្ធនាការធ្វើបទបង្ហាញស្តីពីសិទ្ធិមនុស្ស និងការពង្រឹងការអនុវត្តច្បាប់ ដល់សិស្ស និត្សិត និងបងប្អូនកម្មករនិយោជិត ដើម្បីធានាថា ការប្រើប្រាស់សិទ្ធិរបស់ខ្លួនមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងឋិតនៅក្រោមបញ្ញតិ្តនៃច្បាប់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់បទបង្ហាញស្តីពីសិទ្ធិមនុស្ស និងការពង្រឹងការអនុវត្តច្បាប់ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណ៥០០នាក់ នៅព្រឹកថ្ងៃទី៨ មិថុនា នេះលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា បទបង្ហាញស្តីពីសិទ្ធិមនុស្សនេះ គឺគណៈកម្មាធិការសិទ្ធិមនុស្សនឹងបន្តធ្វើនៅតាមសាកលវិទ្យាល័យ និងសហជីពមួយចំនួនទៀតនៅកម្ពុជា។ លោកប្រធានគណៈកម្មាធិការបញ្ជាក់ថា បទបង្ហាញស្តីពីសិទ្ធិមនុស្សនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យពួក គាត់យល់អំពីការប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការសម្តែងមតិ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នឲ្យបានត្រឹមត្រូវ ដែលការអនុវត្តសិទ្ធិនេះ គឺមិនអាចកាត់ផ្តាច់ពីការគោរពច្បាប់បាននោះទេ។

លោកបន្តទៀតថា ប្រសិនបើការប្រើប្រាស់សិទ្ធិស្រាច់តែអំពើចិត្តមិនគោរពច្បាប់នោះទេ គឺធ្វើឲ្យសង្គមទាំងមូលក្លាយទៅជាអនាធិបតេយ្យ “ទាក់ទងចំណុចសិទ្ធិធ្វើអីក៏ដោយឱ្យតែគោរពច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរដ្ឋជាតិ បើការធ្វើអ្វីតាមតែនឹកឃើញដើម្បីផលប្រយោជន៍ខ្លួនឯង បក្សពួកមួយក្តាប់តូច ឬដើម្បីចំណេញផ្នែកនយោបាយនោះ វានឹងនាំឱ្យខាតបង់ប្រយោជន៍រួមរបស់ជាតិយើង”

កញ្ញា សំណាង មុនីវេជ្ជរ៉ា និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបានចូលរួមស្តាប់បទបង្ហាញស្តីពីសិទ្ធិមនុស្ស នៅព្រឹកនេះបានឲ្យដឹងថា កញ្ញាបានទទួលនូវចំណេះដឹងច្រើនស្តីពីសិទ្ធិមនុស្សបន្ទាប់ពីបានស្តាប់នូវការពន្យល់ពីថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា។

កញ្ញាបន្តថា នៅពេលដែលមនុស្សម្នាក់ៗចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះ គឺធ្វើឲ្យមនុស្សទាំងអស់រស់នៅមានសាមគ្គីភាព ជាមួយគ្នានិងឲ្យតម្លៃគ្នាទៅវិញទៅមកដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍនិងរីកចម្រើន “ការប្រើប្រាស់សិទ្ធិដែលមិនប៉ះពាល់ដល់អ្នកដទៃពោលគឺយើងប្រើប្រាស់សិទ្ធិរបស់ខ្លួនយើងបានត្រឹមត្រូវ ទើបធ្វើប្រទេសយើងមានការរីកចម្រើន”

photo_2016-06-08_15-14-49photo_2016-06-08_15-14-53photo_2016-06-08_15-14-57

មតិយោបល់