ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ ចូលម៉ាស៊ីនផលិតក្រដាសកិនស្លាប់!

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ជាប្រធានសិប្បកម្មផលិតក្រដាស បានភ្លាត់ស្នៀតចូលទៅក្នុងម៉ាស៊ីនផលិតក្រដាស បណ្ដាលឲ្យកិនស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មកសាកសពត្រូវបានយកទៅតម្កល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យ។ ហើយក្រោយពេលកើតហេតុ១យប់ ១ថ្ងៃទើបធ្លាយព័ត៌មានខាងលើ នោះដល់នគរបាលចុះទៅពិនិត្យកោសល្យវិច័យ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងសិប្បកម្មផលិតក្រដាស ស្ថិតនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះTUO YANGJIAN អាយុ៣៩ឆ្នាំ ជនជាតិចិននិងជាថៅកែសិប្បកម្ម កាន់លិខិតឆ្លងដែនលេខE67902458 ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានត្រួតពិនិត្យ ម៉ាស៊ីនផលិតក្រដាសដែលគាំង ហើយខណៈពេលកំពុងលូកដៃទាញ ក្រដាសចេញ។ ស្រាប់តែម៉ាស៊ីនដំណើរការឡើងវិញ បណ្ដាលឲ្យគាបនិងកិនទាំងដៃនិងខ្លួនប្រាណ ដូចគេគាបទឹកអំពៅស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយពេលកើតហេតុសាកសពត្រូវបានបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យ ដោយស្ងាត់ៗមិនបានរាយការណ៍ជូននគរបាលប៉ុស្ដិ៍ឬខណ្ឌណាបានដឹងនោះឡើយ រហូតដល់វេលាម៉ោងជាង១០ព្រឹកថ្ងៃទី៨ ខែធ្នូ ទើបនគរបាលបានដឹងនិងចុះទៅពិនិត្យកោសល្យវិច័យ៕
https://youtu.be/xt7hxI2PkVQ

មតិយោបល់