ព្រះសីហនុៈ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់Post Newsថា មានការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជនជាតិចិន ចាប់ជំរិតបានជាច្រើននាក់ ដកហូតកាំភ្លើងនិងរថយន្តទំនើបជាច្រើនគ្រឿងផងដែរ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៨-ទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ថិតនៅផ្ទះជួលមួយកន្លែង ក្នុងបុរីប៊ីអេស ក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកបានបញ្ជាក់បន្ថែមថា ក្រុមជនសង្ស័យទាំងនេះ បានរៀបផែនការយ៉ាងល្អិតល្អន់ តាមដានឃ្លាំមើលជនរងគ្រោះធ្វេីដំណើរ ពេលជនរងគ្រោះបេីករថយន្ដម៉ាក PORSCHE ម្នាក់ឯង មកដល់កន្លែងស្ងាត់ជិតស្ថានីយ៍ចម្រុះទឹក នៅអូរឈេីទាល់សង្កាត់លេខ៤ ក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានបេីករថយន្ដLexus ស្ទាក់កៀរ ឲ្យជនរងគ្រោះឈប់រថយន្តដេីម្បីសួរនាំ រួចក៏ដកកាំភ្លើងភ្ជង់ចាប់ក្រៀកដាក់ឡានសង្កត់ក្បាលចុះក្រោម ចងដៃដោយខ្សែរឹត (ខ្សែស៊ីល) ហេីយនាំខ្លួនយកមកបង្ខាំងទុកនៅផ្ទះជួល បុរីប៊ីអេស អូរទី១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ បន្ទាប់មកពួកវា បានទុកគ្នាវា ម្នាក់ឲ្យយាមជនរងគ្រោះ រីឯគ្នាវា ២នាក់ទៀត បានបេីក ឡានរបស់ជនរងគ្រោះម៉ាកPORSCHE យកទៅផ្លុងចោលនៅ បេនឡានចាស់ ជិតកាំកុងត្រូល។ លុះប្រមាណជិត២ម៉ោង ក្រោយមក ក្រុមជនសង្ស័យបានទូរសព្ទជំរិត ទារប្រាក់ពីប្អូនជនរងគ្រោះចំនួន៨០ម៉ឺនដុល្លារ។
ជាក់ស្តែងក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ZHENG RONGMAO ភេទប្រុស ជនជាតិចិន អាយុ២៦ឆ្នាំ , ទី២ឈ្មោះ DAI HONGDA ភេទប្រុស ជនជាតិចិន អាយុ២៣ឆ្នាំ និងទី៣ឈ្មោះ LIN JINPEI ភេទប្រុស ជនជាតិចិន អាយុ២៤ឆ្នាំ និងដកហូតបាន កាំភ្លើងខ្លីម៉ាក BERITA STOM ចំនួន១ដេីម មានបង់២ មានគ្រាប់ចំនួន១០គ្រាប់, កូនកាំបិតចំនួន១, ខ្សែចងរឹត(ស៊ីល)២ដុំ, ទូរសព្ទដៃ៦គ្រឿង និង រថយន្តឡិចស៊ីស RX៣០០ ចំនួន១គ្រឿង ថែមទាំងរំដោះជនរងគ្រោះបានម្នាក់ឈ្មោះ LI FUJIE ភេទប្រុស អាយុ៤៧ឆ្នាំផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវីធីច្បាប់បន្តទៀត៕
មតិយោបល់