ព័ត៌មានជាតិ

ម្នាក់ក្នុងចំណោម ២នាក់ ធ្វើសកម្មភាពឆក់ មិនបានសម្រេច ត្រូវនគរបាលចាប់ជាប់

(រាជភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌ ខណ្ឌ ៧មករា សហការ និងកម្លាំងជំនាញ ប៉ុស្តិ៍មិត្តភាព បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ធ្វើសកម្មភាពឆក់ការបូប តែមិនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៧ និង ៥៥នាទីល្ងាច ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ៤២៦E0 ផ្លូវ១២៨ ក្រុម៧ ភូមិ១ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ណវ វីរ:ក្សត្រ ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦៧ ភូមិបឹងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ ទី២ ឈ្មោះ វីន មិនស្គាល់ទីលំនៅ (រត់គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ឈេឿង រ៉ានី ភេទស្រី អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០E2 ផ្លូវ១២៨ ក្រុម២២ ភូមិ៣ ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ និងមានមុខរបរ បុគ្គលិកក្រុមហ៊ុន។

តាមប្រភពព័ត៌មាន ផ្តល់ពីនគរបាល បានឱ្យ Post News ដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង០៧ ជិត០៨ យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ នារីរងគ្រោះ ជិះម៉ូតូ ម៉ាក អាយខន (icon) តែម្នាក់ឯង ចេញពីពិធីជប់លៀង ជាមួយមិត្តភ័ក្តិ នៅហាងយីហោ រាជនី សាច់អាំង នៅតាមបណ្ដោយផ្លូវ១២៨ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ២ ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចមុខផ្ទះលេខ៤២៦E0 ផ្លូវ១២៨ ក្រុម៧ ភូមិ១ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ស្រាប់តែឃើញមានជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រេឿង ម៉ាក ស្កូពី (scoopy) ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ ១DF-០៤១៩ ធ្វើដំណើរស្របទិសគ្នា ជាមួយនារីរងគ្រោះ មកអែបខាងឆ្វេង ហើយធ្វើសកម្មភាពឆក់ ការបូបស្ពាយ របស់ជនរងគ្រោះ តែមិនបានសម្រេច ត្រូវនារីរងគ្រោះស្រែកចោរៗ ក៏ដឹងដល់នគរបាលព្រហ្មទណ្ឌខណ្ឌ ដែលកំពុងល្បាតក្នុងមូលដ្ឋាន នៅក្បែរនោះ បានដេញប្រផាប់ប្រភីង ចាប់ជនសង្ស័យបានម្នាក់ភ្លាមៗ តែម្នាក់ទៀត ត្រូវរត់គេចខ្លួនបាត់តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវនគរបាលឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

photo_2016-04-10_10-20-46 photo_2016-04-10_10-20-50 photo_2016-04-10_10-20-53

មតិយោបល់