ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ផលិតករ និងតួសម្ដែងបានជួបជុំគ្នាយ៉ាងច្រើនកុះករ សម្ពោធរឿង «នរណាជាខ្មោច?» ដែលបានសម្ងំថតអស់ជាច្រើនខែមកហើយ។ ជាមួយនឹងការដំណើរដាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃធ្វើសន្និសីទកាសែតនេះ ផលិតករហាក់រំពឹងយ៉ាងខ្លាំងថា រឿងរបស់ខ្លួនទទួលបានការគាំទ្រ។
លោក ហ៊ុយ តារា តំណាងផលិតកររឿង «នរណាជាខ្មោច?» បានអះអាងថា ខ្សែរឿងដែលបានផលិតឡើងនេះ គឺជារឿងទី១ដែលផលិតកម្មរតនៈមហាសាល បានផលិតឡើងដោយជ្រើសយកលោកណាខុន កញ្ញាឌុច លីដា អ្នកនាងខាត់ សុឃីម លោកផាណូ លោករ៉េត បូរ៉ា ហៅសុខ ពិសី កញ្ញាស៊ាវឡុងនី កញ្ញាយេយេ និងតារាល្បីៗជាច្រើនរូបទៀតមកធ្វើជាតួសម្ដែង ដើម្បីរំលេចផ្ទៃរឿង។ លោកថាមួយរឿងនេះ លោកបានចំណាយអស់ច្រើន ហើយក៏បានសម្រិតសម្រាំងទាំងគុណភាព និងស្ដង់ដារសាច់រឿងមិនចាញ់ផលិតកម្មផលិតរឿងធំៗនោះដែរ ទើបធ្វើឲ្យលោករំពឹងខ្ពស់។ លោកថាបើការស្ទាបស្ទង់ក្នុងរឿងទី១ទទួលជោគជ័យ នោះផលិតកម្មរតនៈមហាសាល នឹងបន្តផលិតរឿងទី២ និងបន្តបន្ទាប់ទៀតដើម្បីវាយលុកទីផ្សារ។ យ៉ាងណាក៏ដោយលោកជឿជាក់ខ្សែរឿង«នរណាជាខ្មោច?» ពិតនឹងធ្វើឲ្យកក្រើកក្នុងស្រទាប់មហាជន។
មិនខុសគ្នាដែរលោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាក្រសួងព័ត៌មានដែលបានអញ្ជើញជាកិត្តិយសនៅក្នុងពិធីនោះក៏បានអះអាងថាដែរវិស័យភាពយន្តរបស់កម្ពុជាកាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើង ដោយសារតែអ្នកទស្សនាខ្មែរកាន់តែស្គាល់ពីតម្លៃភាពយន្តរបស់ខ្លួន ហើយផលិតករភាគច្រើនក៏ផលិតរឿងបានល្អៗ។ ជាក់ស្ដែងលោកថាខ្សែរឿង«នរណាជាខ្មោច?» គឺជារឿងល្អមួយ ដែលលោកយល់ថាមានគុណភាពពេញលេញ។
នៅក្នុងពិធីសម្ពោធនេះ ក្រៅពីតួសម្ដែងដូចជាកញ្ញា ឌុច លីដា លោករ៉េត បូរ៉ា កញ្ញាយេយេ កញ្ញាស៊ាវឡុងនី និងតារាជាតួអង្គក្នុងរឿង ក៏មានវត្តមានតារាកិត្តិយស និងផលិតករយ៉ាងច្រើនកុះករផងដែរ ដូចជាកញ្ញាថន លក្ខិណា លោកម៉ា ច័ន្ទបញ្ញា លោកសុខ ចាន់ផល លោកម៉ែន និមលរ័ត្ន និងតារាម៉ូដែលក្នុងក្រុមសាន់ម៉ូដែលជាច្រើនរូបទៀត៕
មតិយោបល់