ព័ត៌មានជាតិ

អ្នកណាមិនភ័យ បើលេងអ៉ីចឹងៗ !

កណ្តាល: ផ្ទះឈើ១ខ្នង និងរោងលក់ចាប់ហួយ១កន្លែង បានរងការខូចខាត បន្ទាប់ពីត្រូវរថយន្តដឹកទំនិញធន់ធំ បុកគូថរថយន្តដឹកធុងកៅស៊ូសម្រាប់ធ្វើផ្លូវ បណ្តាលឲ្យរថយន្តធន់តូច រេចង្កូតទៅបុកបង្គោលភ្លើង ចំណែករថយន្តធន់ធំរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

រថយន្តបង្កម៉ាកហ៉ីយ៉ាន់ដាយ ជាប្រភេទយីឌុប ដឹកទំនិញពេញ ពាក់ស្លាកលេខ ភ្នំពេញ 3E-0168 អ្នកបើកបររត់គេចខ្លួនបាត់ ។ ចំណែករថយន្ត១គ្រឿងទៀតម៉ាក ហ៉ីយ៉ាន់ដាយ ពណ៌ស ជាប្រភេទរថយន្តដឹកធុងកៅស៊ូសម្រាប់ធ្វើផ្លូវ ។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្តទាំង២គ្រឿង បើកបរក្នុងទិសដៅស្របគ្នាពីអ្នកលឿងទៅភ្នំពេញ មកដល់ចំណុចកើតហេតុ រថយន្តដឹកទំនិញធន់ធំដែលបើកពីក្រោយបានបើកប្រជែងរថយន្តធន់តូច គ្រានោះស្រាប់តែមានរថយន្ត១គ្រឿងទៀតបើកមកពីមុខទិសដៅផ្ទុយគ្នា ដោយជួបឧបសគ្គនៅពីមុខរថយន្តដឹកទំនិញធន់ធំបានបើកគេចចូលមកស្តាំដៃ បណ្តាលឲ្យបុកគូថរថយន្តធន់តូចពីក្រោយ ហើយរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋនិងរោងលក់ដូរ ដោយឡែករថយន្តធន់តូចរេចង្កូតទៅបុកបង្គោលភ្លើង ។

បន្ទាប់ពីកើតហេតុភាគីខាងរថយន្តដឹកទំនិញធន់ធំដែលបង្កហេតុបានចេញសំណងទាំងអស់ដល់ភាគីរងគ្រោះដើម្បីបញ្ចប់បញ្ហា ៕

មតិយោបល់