កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយផ្តើមចេញពីរថយន្តដឹកទំនិញរោងចក្រ១គ្រឿង បែកកង់ក្រឡាប់កណ្តាលផ្លូវ បណ្តាលឲ្យរលំរបាំងពុះចែកទ្រូងផ្លូវ១ផ្ទាំង ខណៈដែលក្រុមស្ថាបនាផ្លូវបានមកពិនិត្យដោយចតរថយន្តអែបនិងរបាំងពុះចែកទ្រូងផ្លូវនោះ ស្រាប់តែរថយន្តដឹកខ្សាច់ ១គ្រឿងទៀត បើកជែងរថយន្តធុនធំ១គ្រឿង ក៏ជ្រុលមកបុករុញទៅផ្ទប់នឹងរថយន្តដឹកទំនិញរោងចក្រ បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ និងម៉ូតូនគរបាល១គ្រឿងផងដែរ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១បេ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពពីនគរបាល បានឲ្យដឹងថា រថយន្ដដែលរងការខូចខាតក្នុងហេតុការណ៍ខាងលើមាន ៣គ្រឿង ទី១.រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់សា្លកលេខ កណ្តាល 3A-0808 អ្នកបើកមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ រងការខូចខាតធ្ងន់ធ្ងរ, ទី២.រថយន្តរបស់ក្រុមហ៊ុនស្ថាបនាផ្លូវ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ២៥-២-០៦១៧ អ្នកបើកបរឈ្មោះ សំ រដ្ឋា ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្ត ស្នាក់នៅក្រុមហ៊ុន ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ចំណែករថយន្តទី៣. ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0315 អ្នកបើកបរពុំត្រូវបានស្គាល់ឈ្មោះនោះទេ និងម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគីឡេត ពណ៌ខៀវ លាយស ពាក់ស្លាកលេខ នគរបាល1-9168 ម្ចាស់ជាមន្ត្រីនគរបាលប៉ុស្តិ៍រកាខ្ពស់ រងការខូចខាតផងដែរ។
នគរបាលបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តទី១ បានបែកកង់ម្ខាងក្រឡាប់បណ្តាលឲ្យខូចខាតរបាំងពុះចែកទ្រូងផ្លូវ ១ផ្ទាំង និងផ្លូវកៅស៊ូផងដែរ ពេលនោះតំណាងក្រុមហ៊ុនចុះមកពិនិត្យមើល និងវាយតម្លៃ ដោយមាននគរបាលកំពុងបំពេញភារៈកិច្ចផងដែរ ខណៈនោះ ស្រាប់តែមានរថយន្តដឹកខ្សាច់ខាងលើ បើកមកក្នងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្ត ១គ្រឿង នៅពីមុខបើកបរស្របទិសគ្នា ក៏ជ្រុលទៅបុករថយន្តក្រុមហ៊ុនស្ថាបនាផ្លូវ រួចរុញទៅបោកផ្ទប់ជាមួយរថយន្តទី១ បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ ចំណែកអ្នកបើកបរពុំមានរងរបួសស្នាមអ្វីនោះទេ។
ក្រោយកើតហេតុ នគរបាលបានធ្វើកំណត់ហេតុនាំយកវត្ថុតាងរថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធី៕
https://youtu.be/ULmS8TMWc9w
មតិយោបល់