ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ៤នាក់ ត្រូវអគ្គកុងស៊ុលនៅចិនជួយឲ្យបានត្រឡប់មកកម្ពុជាវិញ

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ស្រ្តីខ្មែរ៣នាក់ និងបុរសម្នាក់ ដែលចាញ់បោកមេខ្យល់ នាំទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី ប្រទេសចិន ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានជួយអន្តរាគមន៍ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន។

ពលរដ្ឋខ្មែរទាំង៤នាក់ នោះមានឈ្មោះ ទី១-ហួត ហៀង ភេទស្រី អាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ទី២- ឈ្មោះ ង៉ែត សារ៉េត ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកត្រាំង ខេត្តតាកែវ ទី៣- ឈ្មោះ រឿង ស៊ីណេង ភេទស្រី អាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិបេងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី៤- ឈ្មោះ ថត វិចិត្រ ភេទប្រុស អាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិកោះប្រាក់ក្នុង ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានទៅធ្វើការ និងរស់នៅខុសច្បាប់នៅប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦។

លោក ជុំ សុន្ទរី បញ្ជាក់ទៀតថា ស្ត្រីឈ្មោះ រឿង ស៊ីណេង និងបុរសឈ្មោះ ថត វិចិត្រ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៣ និង២៥ នាទី តាមជើងយន្តហោះ CZ៦០៥៩។ ចំណែកស្ត្រីឈ្មោះ ហួត ហៀង និង ង៉ែត សារ៉េត នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៣ និង២៥ នាទី តាមជើងយន្តហោះ CZ ៦០៥៩៕

Nita-14-A-51-Full

មតិយោបល់