ព័ត៌មានជាតិ

តុលាការឃុំខ្លួនជនសង្ស័យកំពូលលួច និងបង្កហិង្សាដាក់អ្នកដ៏ទៃ បណ្តោះអាសន្ន ដាក់ពន្ធនាគារជាលើកទី៣

កណ្តាលៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនសង្ស័យកំពូលលួច និងបង្កហិង្សា ដាក់អ្នកដ៏ទៃ បណ្តោះអាសន្នដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់«លួច» តាមបញ្ញាត្តិមាត្រា៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។ ប្រព្រឹត្តនៅភូមិតាខ្មៅ០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។

ជនសង្ស័យឈ្មោះ ចេកឈួន ហៅយូ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ។

សូមជម្រាបថា៖ ជនសង្ស័យកំពូលលួច និងបង្កហិង្សាដាក់អ្នកដ៏ទៃ ត្រូវបាននគរបាលក្រុងតាខ្មៅ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយជំនាញព្រហ្មទណ្ឌ បានតាមប្រមាញ់ចាប់ ជនសង្ស័យជាកំពូលមុខសញ្ញាធ្លាប់លួច និងបង្កហិង្សា ខណៈដែលដេញចាក់យកទ្រព្យសម្បត្តិពីនារីរងគ្រោះម្នាក់ កាលពីវេលាម៉ោង១២និង១០នាទីយប់ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះជនរងគ្រោះភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

វត្ថុតាងចាប់យក៖ កូនកាំបិតចុងស្រួចប្រវែង៣២សង់ទីម៉ែត្រ ,កង់ចំនួន១,កាបូបស្ពាយ ពណ៌ខ្មៅចំនួន១,លុយចំនួន៨,៥០០រៀល លុយចំនួន១,០០០រៀល (របស់ជនរងគ្រោះ) ទូរសព្ទម៉ាក Nokia x3 ពណ៌ខ្មៅ ចំនួន១គ្រឿង (របស់ជនរងគ្រោះ) ។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសឆ្លើយថាពិតជាបានប្រព្រឹតដូចខាងលើប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពលួចគាស់ផ្ទះគេយកទ្រព្យសម្បត្តិនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បាន១ម្តង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ជាមួយបក្ខពួកម្នាក់ឈ្មោះផន មនោរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន២ដង ពីបទលួចនិង ហិង្សា រីឯគ្រឿងញៀនវិញខ្លួនបានប្រើប្រាស់រយៈពេល២ឆ្នាំ មកហើយ៕

មតិយោបល់