ក្រចេះ: លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត៤គ្រឿងបុករះបន្តកន្ទុយគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៨-២៤៩ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៧A ភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
ជនបង្កពុំទាន់ស្គាល់អត្តសញ្ញាណច្បាស់នោះទេ(គេចខ្លួន) និងអ្នករួមដំណើរឈ្មោះ ផាត ម៉េងហួត ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(ស្លាប់) បើករថយន្តម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-1030 បានជ្រុលចង្កូតមកបុករថយន្តរបស់ឈ្មោះ កែម ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2G-9255។
បន្ទាប់មករថយន្តហ៊ីយ៉ាន់ដាយ ជ្រុលទៅបុក តូយូតា(Hiyas) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2300 បើកដោយឈ្មោះ ម៉ាន ហ៊ីមអី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម និងអ្នករួមដំណើឈ្មោះ ម៉ាន អារី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ទាំងពីរស្នាក់នៅភូមិពជ្រៃ ឃុំពជ្រៃ ស្រុកពេជ្រចិន្តា ខេត្តមណ្ឌលគីរី។ រួចក៏ជ្រុលចង្កូតទៅបុកបន្ថែមពីលើសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-2295 បើកដោយឈ្មោះ កែវ សុខហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (មិនរងរបួស) និងអ្នករួមដំណើរឈ្មោះ ឌឹម ពៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ(មិនរងរបួស)។
ក្រោយកើតហេតុ រថយន្តទាំង៤គ្រឿងត្រូវសមត្ថកិច្ច នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធើ្វការដោះស្រាយបន្តតាមផ្លូវច្បាប់៕ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់