ព័ត៌មានជាតិ

កូរ៉េខាងជើងថាអាមេរិកនៅតែប្រកាន់យកនយោបាយអរិភាព ជុំវិញការបើកដៃឱ្យកូរ៉េខាងត្បូងអភិវឌ្ឍមីស៊ីល

 

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បាននិយាយថាសហរដ្ឋអាមេរិកអនុញ្ញាតឱ្យកូរ៉េខាងត្បូងផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ គឺជាឧទាហរណ៍មួយនៃនយោបាយអរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង ដែលនឹងបង្កឱ្យមានអស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េទាំងមូល។

នេះជាប្រតិកម្មឆ្លើយតបជាលើកដំបូងបំផុតរបស់កូរ៉េខាងជើងទៅនឹងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងត្បូងកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ។ ក្នុងកិច្ចប្រជុំនេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានបិទបញ្ចប់ការរឹតត្បិតលើការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងត្បូង និងអនុញាតឱ្យសម្ព័ន្ធមិត្ត របស់ខ្លួនមួយនេះអភិវឌ្ឍអាវុធដោយមិនមានការកំណត់ពីចម្ងាយបាញ់។

សហរដ្ឋអាមេរិកធ្លាប់បានរារាំងកូរ៉េខាងត្បូងមិនឱ្យអភិវឌ្ឍ ឬផលិតមីស៊ីលរយៈចម្ងាយឆ្ងាយលើស ៨០០គីឡូម៉ែត្រនោះទេ ដោយសារតែបារម្ភ ពីការរត់ប្រណាំងប្រជែងនៅក្នុងតំបន់។ កូរ៉េខាងជើងចាត់ទុកថាការសម្រេចចិត្តខាងលើបង្ហាញយ៉ាងច្បាស់ពីនយោបាយអរិភាព និងស្ដង់ដារពីររបស់សហរដ្ឋអាមេរិក៕

ប្រភព៖ ​​​​​​AP

 

 

មតិយោបល់