ភ្នំពេញៈ ជនសង្ស័យ៦នាក់ រួមទាំងថ្នាំញៀនចំនួន ៣កញ្ចប់ ត្រូវនគរបាលខណ្ឌដង្កោបង្ក្រាបបាន ខណៈគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីពង្រឹងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក ម៉ុក ពុទ្ធា ប្រធានរដ្ឋបាលសាលខណ្ឌដង្កោ ,លោក វរៈសេនីយ៍ត្រី ប្រាជ្ញ សោភ័ណ្ណា អធិការរងនគរបាលខណ្ឌដង្កោ និងលោក ឃុត វណ្ណា កងរាជអាវុធហត្ថខណ្ឌដង្កោ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីពង្រឹងសុខសុវត្ថិភាពជូនប្រជាពលរដ នៅត្រង់ចំណុចមុខវត្តសំបួរ ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លុះដល់ម៉ោងប្រហែល១៩ និង៥០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ទី១ឈ្មោះ តាត រដ្ឋា ហៅ ផល្លា ភេទប្រុស អាយុ២២ឆ្នាំ ទី២ឈ្មោះ សឿន ណុប ភេទប្រុស អាយុ២៣ឆ្នាំ និងទី៣ ឈ្មោះ កៅ ញ៉ាញ់ ភេទប្រុស អាយុ២១ឆ្នាំ រួមនិងវត្ថុតាងក្រាមពណ៌សថ្លាចំនួន ១កញ្ចប់ នាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ ។
សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា នៅក្នុងអំឡុងប្រតិបត្តិការនេះរហូតដល់វេលាម៉ោងប្រហែល២០ និង០០នាទី សមត្ថកិច្ចបន្តឃាត់បានជនសង្ស័យ ចំនួន ៣នាក់បន្ថែមទៀត ទី១ឈ្មោះ ថាច់ រ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ ទី២ឈ្មោះ វ៉ាន ទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ និងទី៣ឈ្មោះ មោក ពិសាទ ភេទប្រុស អាយុ៣០ឆ្នាំ រួមនិងវត្ថុតាងក្រាមពណ៌សថ្លាចំនួន ២កញ្ចប់ នាំ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធី ពីបទប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។
សមត្ថកិច្ចប្រាប់បន្តទៀតឲ្យដឹងថា វត្ថុតាងចាប់យករួមមាន ក្រាមពណ៌សថ្លាចំនួន ៣កញ្ចប់ ម៉ូតូ ២គ្រឿង ១គ្រឿង ម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-3086 មានលេខតួ BE4DC-TH223990 មានលេខម៉ាស៊ីន E450-TH223990 ,និង ១គ្រឿងទៀត ម៉ាក សេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CM-4001 មានលេខម៉ាស៊ីន CA110 EX1130624 , ទូរស័ព្ទដៃម៉ាក ចុចពិល ពណ៌ខៀវ ចំនួន ១គ្រឿង កាបូបលុយចំនួន ១ , ដែកកេះចំនួន ២ , និងកញ្ចប់បារី ម៉ាក ហ្វីន ចំនួន ១ ។
បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ និងវត្ថុតាងទាំងអស់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/jhu3WJMbhgo
មតិយោបល់