ភ្នំពេញៈ ប្តីប្រពន្ធ ០២នាក់ បានរងរបួសស្រាល ដោយសារតែសន្តិសុខមន្ទីរសម្រាកព្យាបាល និងសម្ភព សុខា ទួលសង្កែ បើករថយន្តបុកចូលផ្ទះពេទ្យធ្មេញយឺហោ «ជា ដែន» បណ្តាលឲ្យរងរបួសស្រាល កាលពីវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទល់មុខផ្សារសាហាន់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-1576 បើកបរដោយស្ត្រីម្នាក់តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅចូលមកមន្ទីរសម្រាកព្យាបាល និងសម្ភព សុខា ទួលសង្កែ គោលបំណងចូលមកមើលបងប្អូនដែលកំពុងសម្រាកព្យាបាលទីនោះ ប៉ុន្តែដោយសារតែរថយន្តនោះមានបញ្ហា ក៏បានទុករថយន្តនោះទទឹងផ្លូវ ស្រាប់តែពេលនោះ សន្តិសុខរបស់មន្ទីរសម្រាកព្យាបាល និងសម្ភព ទួលសង្កែ ក៏បានទៅបើករថយន្តក្នុងគោលបំណងយករថយន្តមកចតមុខមន្ទីរសម្រាកព្យាបាល ។ ក្រោយមកសន្តិសុខបានបើករថយន្តបានបន្តិច ហើយទំនងជាអ្នកបើកបរជាន់ហ្គាជ្រុលខ្លាំងក៏បានទៅបុកចូលផ្ទះពេទ្យធ្មេញបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបានបណ្តាលឱ្យរងរបួសស្រាលទាំង ០២នាក់ប្តីប្រពន្ធ។
សនិ្តសុខដែលបើកបរនោះ ឈ្មោះ វ៉ាន ប៊ុនលាភ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ សន្តិសុខមន្ទីរសម្រាកព្យាបាល និងសម្ភព សុខា ទួលសង្កែ ស្នាក់នៅក្រុមទី១២ ភូមិកើតហេតុខាងលើ ។ ចំណែកឯជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណទេ រីឯម្ចាស់រថយន្តឈ្មោះ ឡៃ សុផុន ភេទស្រី អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គឈ្នួល ខេត្តកណ្តាល ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែង និងបានជួយអន្តរាគមន៍ ហើយម្ចាស់រថយន្ត និងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខា ទួលសង្កែ ធានាជួសជុលផ្ទះ និងព្យាបាលជូនប្តីប្រពន្ធទាំង ០២នាក់ ដើម្បីបញ្ចប់រឿង៕
https://youtu.be/JdjMJjALoJk
https://youtu.be/H9RGGvsNXw0
https://youtu.be/Rt7mJEAvUcY
https://youtu.be/SQ0A9Q7cmJo
https://youtu.be/3DILKBxKpMU
មតិយោបល់