ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោកនៅតែបន្តយុទ្ធនាការរំដោះចិញ្ចើមផ្លូវ ដូចភ្លៀងរលឹម

ភ្នំពេញៈ ជារើយៗប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ​ ពិសេសក្នុងខណ្ឌទួលគោក​បានសង្កេតឃើញថា​ អាជ្ញាធរខណ្ឌទួលគោកតែងតែមានសកម្មភាពអនុវត្តយុទ្ធនាការរំដោះចិញ្ចើមផ្លូវដែលបានដាក់ចេញដោយសាលារាជធានីភ្នំពេញ​ ខណៈដែលអាជ្ញាធរខណ្ឌមួយចំនួនទៀតហាក់ធ្វើសកម្មភាពបែបនេះតែនៅពេលអភិបាលរាជធានីបញ្ជា​ ឬរិះគន់តែប៉ុណ្ណោះ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០១៦ម្សិលមិញ​ អាជ្ញាធរខណ្ឌទួលគោក​ ដឹកនាំដោយ​ លោក​ ប៉ាង​ លីដា​ អភិបាលរងខណ្ឌទួលគោក​ និងមានការចូលរួមពីកម្លាំងនគរបាល​ កម្លាំងកងរាជរាវុធហត្ថ​ កម្លាំងប្រជាការពារ​ បានបន្តចុះធ្វើការងាររៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវ២៨៩​ ម្តុំរង្វង់មូលទួលគោក​ រហូតដល់អង់តែនទួលគោក​ ក្រោយពីបានចុះអនុវត្តនៅតាមដងផ្លូវសំខាន់ជាច្រើនក្នុងទឹកដីខណ្ឌមួយនេះ។

ការចុះរៀបចំសណ្តាប់ធ្នាប់នេះ នៅគ្រាដែលគេបានសង្កេតឃើញថា​ នៅមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់គោរពតាមគោលការណ៍ណែនាំរបស់សាលាខណ្ឌដែលធ្លាប់បានដាក់ចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការចាក់សាប​ រៀបឥដ្ឋ​ ធ្វើសំយ៉ាប​ តាំងលក់ទំនិញ​ និងសកម្មភាពផ្សេងៗដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ​ ពិសេស​វាជាការរំលោភចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង​។

លោក​ ប៉ា​ លីដា​ អភិបាលរងខណ្ឌទួលគោក​ បានថ្លែងថា​ ដោយទទួលបានគោលការណ៍ណែនាំពីសាលារាជធានីភ្នំពេញ​ និងមានការណែនាំ​ផ្ទាល់របស់លោក​ ឯក​ ឃុនឌឿន អភិបាលខណ្ឌទួលគោក​ យុទ្ធនាការរំដោះចិញ្ចើមផ្លូវនៅក្នុងទឹកដីខណ្ឌទួលគោក គឺនឹងធ្វើឡើងដូចភ្លៀងរលឹម​ ​រហូតទាល់តែដងផ្លូវសំខាន់ៗមួយចំនួនក្នុងខណ្ឌត្រូវបានរំដោះចេញពីការរំលោភបំពានរបស់ប្រជាពលរដ្ឋ។ លោកបាន​ឲ្យដឹង​ថា​ យុទ្ធនាការមួយនេះ ​គឺធ្វើឡើងក្នុងគោលបំណងយកចិញ្ចើមផ្លូវសម្រាប់ឱ្យអ្នកដំណើរដើរបាន​ ពីព្រោះនៅពេលបច្ចុប្បន្ន​នេះ រាជធានីភ្នំពេញ គឺមានបញ្ហាកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ​ ហើយការរំលោភយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិបុគ្គលក៏ជាកក្តារួមផ្សុំក្នុងបញ្ហានេះផងដែរ។ ដូច្នេះ ដើម្បីចូលរួមកាត់បន្ថយបញ្ហាចរាចរណ៍អាជ្ញាធរខណ្ឌ គឺត្រូវតែដោះស្រាយកក្តារួមចំណែកតូចៗមួយចំនួនឱ្យមានប្រសិទ្ធភាពជាមុនសិន។

គួររំឮកថា​ នៅក្នុងដើមឆ្នាំ២០១៦​នេះ សាលារាជធានីភ្នំពេញបានដាក់ចេញ​ នៅគោលការណ៍ណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់អនុវត្តយុទ្ធនាការរំដោះចិញ្ចើមផ្លូវពីការរំលោភបំពាន ដោយដាក់តាំងលក់ទំនិញ​ ការចាក់សាបរបងរឹងមាំ​ និងសកម្មភាពទាំងឡាយណាដែលបានយកចិញ្ចើមផ្លូវទៅធ្វើជាកម្មសិទ្ធផ្ទាល់ឯកជនផ្ទាល់ខ្លួន​ ដើម្បីស្វែងរកប្រយោជន៍ ខណៈចិញ្ចើមផ្លូវ គឺជាទីកន្លែងសម្រាប់អ្នកថ្មើរជើង។

ទោះជាយ៉ាងណា​ សកម្មភាពរំដោះចិញ្ចើមផ្លូវហាក់នៅមានកម្រិត​ ​ គឺដោយសារតែអាជ្ញាធរនៅមិនទាន់​បានអនុវត្តឱ្យបានផុសផុលនៅឡើយ​ ចំណែកពលរដ្ឋក៏នៅមានចំណេះមានកម្រិតក្នុងការសហការជាមួយអាជ្ញាធរក្នុងការដោះស្រាយបញ្ហានេះ៕

photo_2016-06-10_06-54-13photo_2016-06-10_06-54-12photo_2016-06-10_06-54-11photo_2016-06-10_06-54-10photo_2016-06-10_06-54-09photo_2016-06-10_06-54-07

មតិយោបល់