ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តកុងតឺន័រមួយគ្រឿងបើកខ្វះការប្រុងប្រយត្ន័ទៅបុករថយន្តកូរ៉េចំកាប៊ីនរថយន្តខណៈដែលរថយន្តនេះកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងទៅលើដងផ្លូវ សំណាងល្អគ្មាននណាម្នាក់រងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៥០នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខវិទ្យាល័យជម្ពូវ័ន្ត ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េបើកបរដោយបុរសម្នាក់ បានបើករថយន្តចេញពីផ្លូវរោងចក្រ QMI លុះបានមកដល់ចំណុចកើតហេតុ រថយន្តកូរ៉េនេះក៏បានបើកឆ្លង ផ្លូវ ក្នុងទិសដៅ ពីជើងទៅត្បូង ស្របពេលនេះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ហ្វ្រាំងមិនទាន់ជ្រុលមកបុក រថយន្តកូរ៉េពេញទំហឹងបណ្តាលឲ្យ ក្រឡាប់ផ្ងារជើងនៅលើដងផ្លូវតែម្តង ចំណែករថយន្តរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យនណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ រីឯអ្នកបើកបររថយន្តទាំង២គ្រឿងវិញ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ បង្ករឲ្យមានការកកស្ទះចរាចរណ៍ផងដែរ ទម្រាំតែសមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន ចុះមកធ្វើការពិនិត្យវាស់វែង ដល់កន្លែងកើតហេតុ និងនាំយករថយន្តខាងលើនេះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
មតិយោបល់