កំពង់ស្ពឺៈ លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកចរាចរណ៍បានប្រាប់Post Newsថា ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២៤ ខែធ្នូ គ.ស ២០១៧ វេលាម៉ោង១១និង២០នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ត្រង់ចំណុចភូមិព្រៃសុភី ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។
មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY-8502 បើកបរដោយឈ្មោះ ចក់ ខ្ចី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ឌុបប្រពន្ធឈ្មោះ យុទ្ធ សាមី អាយុ៣៩ឆ្នាំ នៅភូមិជាមួយគ្នា ធ្វើដំណើរមកពីទិសខាងកើតទៅ ទិសខាងលិច លុះមកដល់ ចំណុចខាងលើបានបុករថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ឆ្នូតក្រហម សណ្តោងរម៉ក ពាក់ស្លាកលេខ ភ្នំពេញ3A-0526 រម៉កមានស្លាក លេខភ្នំពេញ 4A -4293 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេចខ្លួនបាត់) ដែលកំពុងបើកបរមកពីទិសខាងលិចទៅទិសខាងកើត ហើយបានបត់ឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឲ្យប្តីស្លាប់នៅនឹងកន្លែងកើតហេតុ និងប្រពន្ធរងរបួសធ្ងន់។
ចំពោះវត្ថុតាងទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់