ភ្នំពេញៈ បុរសម្នាក់ដឹកឥវ៉ាន់ពីផ្សារអូរឫស្សីត្រូវរថយន្តកៀរប៉ះបាវចង់ខាងក្រោយ ខ្ទៀតប៉ះម៉ូតូសង់កូរ៉េ ជិះគ្នាចំនួន២នាក់ លើកដៃសំពះសុំអភ័យទោសមិនព្រម វាយ៣មួកសុវត្ថិភាពបាក់ក្តោងច្រមុះ បង្កការភ្ញាក់ផ្អើលអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋស្តីបន្ទោសមិនចេះអនុគ្រោះគ្នាសោះ។
ហេតុការណ៍នេះ កើតឡើងនៅស្តុបសួនច្បារចេនឡា ផ្លូវ២១៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ។
តាមជនរងគ្រោះបានប្រាប់ថា គាត់ដឹកឥវ៉ាន់ពីផ្សារអូរឫស្សីយកទៅផ្ទះនៅម្តុំផ្លូវវេងស្រេងមកដល់ចំណុចស្តុបសួនច្បារចេនឡា តាមផ្លូវ២១៧ សង្កាត់ផ្សារដើមគរ ស្រាប់តែមានរថយន្តមិនចាំម៉ាកប៉ះបាវដែលចងនៅខាងក្រោយ ខ្ទៀតទៅប៉ះម៉ូតូមួយទៀត គាត់ក៏បានលើកដៃសុំអភ័យទោសម្ចាស់ម៉ូតូសង់កូរ៉េដូចជាមានកំហឹងពីកាលណាទេ ស្រាប់ដោះមួកសុវត្ថិភាពវាយមកលើមុខចំនួន៣មួក បណ្តាលឲ្យរងរបួសបន្តិចបន្តួច និងនិយាយស្តីបន្ទោសគាត់ទៀត។
សាក្សីដែលឃើញហេតុការណ៍តាំពីដំបូងបានបញ្ជាក់ថា អ្នកដឹកឥវ៉ាន់លើដៃសុំអភ័យទោសហើយមិនយោគយល់សោះ និងរឿងនេះទាក់ទិនទៅបញ្ហាចរាចរណ៍ ប្រើអំពើហិង្សាវាយមនុស្ស គឺជាករណីផ្សេងមួយទៀត។
បន្ទាប់ពីមានបញ្ហានេះកើតឡើង នរគបាលប៉ុស្តិ៍ផ្សារដើមគរបានមកដល់ជួយសម្របសម្រួលកុំឲ្យមានបញ្ហាបន្តទៅទៀត ដោយពន្យល់អំពីហេតុផលដល់អ្នកបង្កហិង្សាយល់ព្រមឲ្យលុយទៅអ្នកដឹកឥវ៉ាន់ចំនួន២ម៉ឺនរៀល និងខាងភាគីដឹកឥវ៉ាន់យល់ព្រមទទួល ហើយលើកដៃសំពះអរគុណ បូករួមទាំងលើកដៃសពះសុំអភ័យទោស ដែលគ្មានចេតនាបង្កការគ្រោះថ្នាក់ចរាចរដល់អ្នកធ្វើដំណើរតាមផ្លូវផងដែរ។
ដោយឡែក ប្រជាពលរដ្ឋ និងអ្នកឃើញហេតុការណ៍បាននិយាយថា ការប្រើអំពើហិង្សា ដោយមិនយោគយល់គ្នាដូចជាទម្លាប់មិនយកច្បាប់មកដោះស្រាយសោះ។
ប្រភពបន្តទៀតថា មានគ្រោះថ្នាក់បន្តិចបន្តួចគេលើកដៃសុំទោសហើយ វាយគេទៀត ចុងក្រោយសងលុយបញ្ចប់រឿង លើកក្រោយៗវាយសុំទោសសងលុយ២ម៉ឺនរួចខ្លួន ដូចជាប្រទេសគ្មានច្បាប់អញ្ចឹង៕
មតិយោបល់