ភ្នំពេញៈ បុរសម្នាក់បើកររថយន្តRANGE ROVER មិនបង្អង់ល្បឿន ដល់ផ្លូវបែកជាបួនជ្រុលចង្កូតទៅបុករថយន្តកាមរីបាឡែន ប៉ើងទៅផ្ទប់នឹងបង្គោលភ្លើងមួយដើម ខ្ទេចទាំងសងខាងទៅមុខលែងរួច និងបណ្តាលឲ្យអ្នកបើកបររថយន្តកាមរីបាឡែន របួសផ្ទៃមុខផងដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវលេខ៥៩២ កែងនិងផ្លូវ៣០៧ មុខពិភពសាច់អាំង២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក RANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA-5266 បើកបរតាមផ្លូវលេខ៣០៧ ទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវបែកជា៤ ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តបាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-6655 ជិះដោយបុរស៤នាក់ ទិសដៅពីលិចទៅកើត ចំពាក់កណ្តាលរថយន្តបាឡែនពេញទំហឹង បណ្តាលឲ្យរថយន្តបាឡែនរុញផ្ទប់នឹងបង្គោលភ្លើងមួយដើម ផ្ទុះពោងទាំង២បង្កឲ្យមានមនុស្សរងរបួសបែកមុតមាត់ខាងរថយន្តបាឡែនម្នាក់។ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតផ្នែកមុខយ៉ាងដំណំដូចគ្នា រីឯបង្គោលភ្លើងខូចខាតតិចតួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយបន្តទៀត៕












មតិយោបល់