ភ្នំពេញៈ នៅម៉ោង៨ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានបើកកិច្ចប្រជុំមួយ ស្តីពីផែនការសកម្មភាព ការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ និងកាត់បន្ថយភាពកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការងនគរបាលជាតិ និងជាស្នងការនគបាលរាជធានីភ្នំពេញ។
យោងៈ ព្រះរាជក្រមលេខ នស/រកម/០១១៥-០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ប្រកាសឲ្យប្រើច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក។ គោលការណ៍ដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្នុងស្មារតីសន្និបាត បូកសរុបសភាពការណ៍លទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយរាជធានីភ្នំពេញជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់កសាងលើគ្រប់លើវិស័យឲ្យមានសោភ័ណភាពដ៏ស្រស់បំព្រង។ ការកសាងផ្លូវថ្នល់ ស្ពានអាកាស រួមនិងការខិតខំជំរុញឲ្យមានសេវាដឹកជញ្ជូនសាធារណៈក្នុងរាជធានី បានបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ប៉ុន្តែប៉ុន្មានឆ្នាំកន្លងទៅនេះសុវត្ថិភាពចរាចរណ៍នៅរាជធានីភ្នំពេញ បាននឹងកំពុងប្រឈមនូវកំណើនគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍។ ដើម្បីធានាដោះស្រាយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការដោះស្រាយជាក់ស្តែង មានបំណង និងសំណូមពរដូចជា បង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អប្រសើរ មិនឲ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។ បង្កា និងទប់ស្កាត់បទល្មើសចរាចរណ៍និងបទល្មើសផ្សេងៗនៅតាមគោលដៅឈរជើងប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបានជាអតិបរមា។ បង្កើនសហការជាមួយគ្រប់ស្ថាប័នអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងពាក់ព័ន្ធប្រមូលផ្តុំកម្លាំងមធ្យោបាយ និងវិធានការសរុបអនុវត្តផែនការឲ្យបានជោគជ័យ។
សូមបញ្ជាក់ផង កត្តាបង្កកើតឡើងនៃការកកស្ទះចរាចរណ៍ មានការកកស្ទះចរាចរណ៍ បណ្តាលមកពីការកើនឡើងឥតឈប់ឈរនៃបរិមាណយានយន្ត អ្នកប្រើប្រាស់ គួបផ្សំបរិមាណផ្លូវថ្នល់នៅដដែល តូចចង្អៀត ភាគច្រើនផ្លូវទិសពីរ ទម្រង់ជាកដប សញ្ញាចរាចរណ៍ បំពាក់មិន បានគ្រប់គ្រាន់ និងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍នៅមានកំរិត ការបើកបរខ្វះការយោគយល់ អាធ្យាស្រ័យ និងសុជីវធម៌ ការយកចិញ្ចើមថ្នល់ធ្វើអាជីវកម្ម បង្កធ្វើឲ្យចរាចរណ៍ចង្អៀត កកស្ទះ និងកើតឡើង គ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ទោះបីមានការខិតខំយកចិត្តទុកដាក់ដោះស្រាយកែសម្រួលប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ពីរដ្ឋបាលរាជធានីភ្នំពេញ និងការដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក អស់ពីលទ្ធភាពដែលមានក៏ សណ្តាប់ធ្នាប់ចរាចរណ៍ នៅតែជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋប្រឈមមុខដោះស្រាយជាបន្ទាន់ ។ សភាពការណ៍ចរាចរណ៍នៅរាជធានីភ្នំពេញ មានការកើនឡើងជាពិសេសពេលព្រឹកពីម៉ោង៦និង៣០នាទី-៩និង០០ទាទី ថ្ងៃត្រង់ពីម៉ោង១១និង០០នាទី-១២និង៣០នាទី ពេលរសៀលពីម៉ោង១៣និង៣០នាទី-១៤និង៣០នាទី ពេលល្ងាចពីម៉ោង១៦និង៣០នាទី-១៩និង៣០នាទី ដែលជាពេលវេលារបស់ប្រជាពលរដ្ឋ មន្រ្តីរាជការ សិស្សានុសិស្ស កម្មករ-កម្មការនី អាជីវករ ចេញទៅប្រកបការងារ រៀនសូត្រ និងវិលត្រឡប់មកលំនៅដ្ឋានវិញ។
ដោយឡែកក៏មានការកកស្ទះចរាចរណ៍មួយចំនួនដែលកើតឡើងក្នុងឱកាសពិធីបុណ្យជាតិ-អន្តរជាតិ ក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជាការបិទ-បើកផ្លូវការពារគណៈប្រតិភូជាតិ-អន្តរជាតិ សម័យប្រជុំ បាតុកម្ម កូដកម្ម ការដង្ហែក្បួន អគី្គភ័យ ពេលភ្លៀង(ទឹកលិចថ្នល់) ការដ្ឋានប្រព័ន្ធលូថ្មី, ខ្សែកាប, ទឹកស្អាត, ជួសជុលកែលម្អរផ្លូវថ្នល់ យានយន្តឈប់ចតគ្មានសណ្តាប់ធ្នាប់(ចំណតលើផ្លូវ) ឬ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ការបត់-ថយ ចេញ-ចូល យានដ្ឋាន,ឃ្លាំង,ក្រុមហ៊ុន នៃរថយន្តធំ-វែង,ជុំវិញទីផ្សារ ។ល។
នៅរាល់ការកកស្ទះចរាចរណ៍ខាងលើតម្រូវឲ្យមានការពិនិត្យកែសម្រួលប្រព័ន្ធចរាចរណ៍ និងដាក់ពង្រាយ កងកម្លាំងសមត្ថកិច្ចបញ្ជាសម្រួលបង្វែរទិសចរាចរណ៍ និងចាត់វិធានការសមស្របមួយចំនួនទៀត ដើម្បីបង្កលក្ខណៈ ងាយស្រួលធ្វើឲ្យចរាចរណ៍វិលត្រឡប់មកភាពប្រក្រតីវិញ ។
ចំណុចកកស្ទះចរាចរណ៍ជាអចិន្ត្រៃយ៍តាមដងផ្លូវមាន៖ តាមការពិនិត្យជាក់ស្តែង នៅរាជធានីភ្នំពេញ ចំណុចកកស្ទះជាមូលដ្ឋានមានចំនួន ១៥៥គោលដៅ (មានឧបសម្ព័ន្ធ) ក្នុងនោះរួមមាន ៖
ខណ្ឌដូនពេញចំនួន២៦គោលដៅ ខណ្ឌ៧មករាចំនួន៣៣គោលដៅ ខណ្ឌចំការមនចំនួន២៦គោលដៅ ខណ្ឌទួលគោកចំនួន២៩គោលដៅ ខណ្ឌឬស្សីកែវចំនួន០៤គោលដៅខណ្ឌជ្រោយចង្វាចំនួន០៣គោលដៅ ខណ្ឌព្រែកព្នៅចំនួន០២គោលដៅ ខណ្ឌសែនសុខចំនួន០៨គោលដៅ ខណ្ឌពោធិ៍សែនជ័យចំនួន ០៧ គោលដៅ ខណ្ឌដង្កោចំនួន០៨គោលដៅ ខណ្ឌមានជ័យចំនួន០៤គោលដៅ ខណ្ឌច្បារអំពៅចំនួន ០៥ គោលដៅ។ ឯតាមទីផ្សារមានចំនួន២០ផ្សារ (មានការកកស្ទះចរាចរណ៍)
ខណ្ឌដូនពេញ ៖ ផ្សារធំថ្មី, ផ្សារចាស់, ផ្សារកណ្តាល, ផ្សារសូរិយា, ផ្សាររាត្រី,
ខណ្ឌ៧មករា ៖ ផ្សារអូរឫស្សី,
ខណ្ឌចំការមន ៖ ផ្សារអូរឡាំពិក, ផ្សារទួលទំពូង, ផ្សារAEON,
ខណ្ឌទួលគោក ៖ ផ្សារដើមគរ,ផ្សារសាមគ្គី, ផ្សារហេងលី, ផ្សារដេប៉ូ
ខណ្ឌឫស្សីកែវ ៖ ផ្សារទួលសង្កែ, ផ្សារខាំកូ,
ខណ្ឌពោធិសែនជ័យ ៖ ផ្សារពោធិចិនតុង, ផ្សារសេនជូរីផ្លាហ្សា, ផ្សារជម្ពូវ័ន្ធ,
ខណ្ឌច្បារអំពៅ ៖ ផ្សារច្បារអំពៅ, ផ្សារព្រែកឯង។
មតិយោបល់