ព័ត៌មានជាតិ

ប៉ូលិសស្រុកកោះធំ ឃាត់ខ្លួនបុរសម្នាក់ ជាមួយថ្នាំញៀន១០កញ្ចប់

កណ្ដាល: បុរសម្នាក់ ត្រូវនគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីឆែកឆេររកឃើញមានថ្នាំញៀនចំនួន១០កញ្ចប់ នៅជាប់នឹងខ្លួន។ ការឃាត់ខ្លួនបុរសរូបនេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖១០នាទី ថ្ងៃត្រង់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅខាងត្បូងស្ពានព្រែកឈឹន ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

វរសេនីយ៍ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ ប្រាប់ Post News មុននេះបន្តិចថា ជនសង្ស័យមានឈ្មោះ វី រ៉េត (ហៅត្រេត) ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួនជាមួយម៉្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន១០កញ្ចប់តូច និងដកហូតបាន ទូរស័ព្ទដៃចុចពិល២គ្រឿង ព្រមទាំងកាបូបដៃចំនួន១។

លោកអធិការបញ្ជាក់ថា កាលពីវេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន។ ពេលនោះ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថា មានករណីលួចជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុចឃាត់ខ្លួនខាងលើ បន្ទាប់មកកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍សំពៅពូន ចុះធ្វើការស្រាវជ្រាវរហូតជួបមុខសញ្ញាសង្ស័យឈ្មោះ វី រ៉េត និងធ្វើការឆែកឆេររកឃើញមានវត្ថុតាងថ្នាំញៀន១០កញ្ចប់តូច។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើ គឺគេបានទិញពីឈ្មោះ ងួន នរវិសុទ្ធ (ហៅ ប៉ែត) ដើម្បីយកមកលក់ និងចែកចាយឲ្យគេ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់