ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នីឡា បដិសេធប៉ែងជើង កែវ នីសា យកតំណែង

ភ្នំពេញ: គ្មានអ្នកណាមិនបង្ហាញការភ្ញាក់ផ្អើលនោះទេ ក្នុងពេលដែលតារាកំប្លែងទើបពេញក្រមុំកញ្ញា វ៉ាន់ នីឡា ដែលអ្នកណាៗក៏ស្គាល់ថា ជាកូនស្រីសំណព្វចិត្តរបស់លោក សុវណ្ណ រិទ្ធី ហៅលោក តាវ៉ិចទ័រ បានឡើងកាលីបឡើងកាន់កម្មវិធីតន្ត្រីបន្តផ្ទាល់ដែលកម្មវិធីនេះ ត្រូវគេដឹងថា ជាកៅអីរបស់តារាល្បី កែវ នីសា។ អ៊ីចឹងហើយ ទើបមានការលើកឡើងយ៉ាងខ្លាំងថា ការបង្ហាញខ្លួនរបស់នាងក្នុងសប្ដាហ៍ទី២កាលពីយប់ថ្ងៃសុក្រ ទី១០ មិថុនា គឺកើតឡើងដោយសារតែ កែវ នីសា ត្រូវបានគេដកតំណែង និងប៉ែងជើងចេញ បន្ទាប់ពីកម្មវិធីនេះលេចធ្លោ។

កម្មវិធីដែល វ៉ាន់ នីឡា បង្ហាញមុខធ្វើឲ្យមានការចាប់អារម្មណ៍នោះ គឺកម្មវិធី “តន្ត្រីស្រាបៀរអ៊ិចស្ពឺត” ដែលកញ្ញា កែវ នីសា លោក សាយ រតន: និងកញ្ញា Baby គឺជាពិធីករ និងពិធីការិនី និងជាកម្មវិធីមួយដែលក្រុមហ៊ុនស្រាបៀរអ៊ិចស្ពឺតជាអ្នកទិញម៉ោងផ្ដាច់មុខ ហើយលោក សុវណ្ណ រិទ្ធី ហៅលោក តាវ៉ិចទ័រ គឺជាអ្នកចាត់ចែង។ យ៉ាងណាក៏ដោយនេះ មិនមែនជាកម្មវិធីដែលលោកតាវ៉ិចទ័រមានសិទ្ធិដកដាក់ពិធីករ ឬពិធីការិនីណាម្នាក់ស្រេចនឹងចិត្តដូចកម្មវិធីផ្សេងទៀតរបស់ My TV នោះទេ ដោយសារតែនេះ គឺជាកម្មវិធីផ្ដាច់មុខរបស់ក្រុមហ៊ុនខាងក្រៅ ដោយសូម្បីតែតារាចម្រៀងក៏ត្រូវកំណត់ឡើង ក្រោយម្ចាស់អ្នកទិញម៉ោង។

លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ CTN និង MY TV បានថ្លែងប្រាប់សារព័ត៌មាន Post news ថា តារាកំប្លែងនាងនីឡា ដែលជាកូនស្រីរបស់លោកមិនមែនលោកជាអ្នកចាត់តាំងឲ្យធ្វើកម្មវិធីបន្តផ្ទាល់នោះទេ។ ការពិតគឺជាការស្នើសុំរបស់ក្រុមហ៊ុនអ៊ិចស្ពឺត ដែលជាអ្នកទិញម៉ោងទូរទស្សន៍របស់ MY TV ប៉ុណ្ណោះ ទើបលោកសុំបដិសេធទាំងស្រុងថា ការបាត់មុខរបស់ កែវ នីសា និងលេចមុខជំនួសមកវិញដោយកញ្ញា នីឡា មិនមែនជារឿងប៉ែងជើង។ លោកថាកញ្ញា កែវ នីសា ជាអ្នកដាក់ពាក្យសុំឈប់ដោយខ្លួនឯង ទើបបណ្ដាលឲ្យខាងក្រុមហ៊ុនដាក់សំណើឲ្យ នីឡា ឡើងមកកាន់ជំនួស ដោយអះអាងថា ក្រៅពីនាងមានភាពក្លាហាន ក៏ជាតារាកំប្លែងដែលអាចនិយាយលេងបានដូចគ្នានិង កែវ នីសា។ លោកមិនហ៊ានថាតំណែងដែលកូនស្រីឡើងកាន់ និងមានរយ:ពេលយូរ ឬឆាប់នោះទេ ដោយសារតែការសម្រេចនោះ គឺស្ថិតនៅលើក្រុមហ៊ុនជាម្ចាស់កម្មវិធីទាំងស្រុង។

លោកថា នីឡា កន្លងមកធ្លាប់ធ្វើពិធីការិនីកម្មវិធី “ទេពកោសល្យកុមារ” ផងដែរ ប៉ុន្តែសម្រាប់កម្មវិធីបន្តផ្ទាល់លើឆាកធំដុំបែបនេះ គឺជារឿងថ្មីស្រឡាងដែលនាងទទួលបាន។

ផ្អែកតាមភាពជាក់ស្ដែង កញ្ញា នីឡា ត្រូវគេឃើញមានភាពក្លាហាន និងអត្ថាធិប្បាយកម្មវិធីបានល្អមិនខុសគ្នានិងកញ្ញា កែវ នីសា ដែលបានសុំឈប់នោះទេ ទើបនាំឲ្យមានការភ្ញាក់ផ្អើលថា លោកតា វ៉ិចទ័រ ទំនងជាបានត្រៀមខ្លួនក្នុងការបង្វឹកកូនស្រីរូបនេះយូរក្រែលមកហើយ ដើម្បីរកប្រឡោះដាក់នាងក្លាយខ្លួនជាពិធីការិនីនៅក្នុងកម្មវិធីលេចធ្លោបន្ថែមទៀត។ លោកតាវ៉ិចទ័រថ្លែងថា ក្នុងនាមជាផលិតករកម្មវិធីលោកពិតជាបានបង្វឹកកូនឲ្យចេះទាំងកំប្លែង សម្ដែង និងធ្វើពិធីការិនី ប៉ុន្តែអ្វីៗវាស្ថិតនៅលើភាពក្លាហាន និងទេពកោសល្យរបស់នាងដោយខ្លួនផ្ទាល់ប៉ុណ្ណោះ៕

photo_2016-06-11_08-35-02

photo_2016-06-11_08-35-07

photo_2016-06-11_08-35-10

photo_2016-06-11_08-35-16

photo_2016-06-11_08-35-21

photo_2016-06-11_08-35-24

photo_2016-06-11_08-53-35

photo_2016-06-11_08-53-37

photo_2016-06-11_08-53-41

photo_2016-06-11_08-53-45

មតិយោបល់