ព័ត៌មានជាតិ

អ្នកសារព័ត៌មានម្នាក់ត្រៀមប្តឹង មន្រ្តីនគរបាលខេត្តរតនគីរី នឹងបក្ខពួក ក្រោយពីប្រើហឹង្សា និងគំរាមកំហែង

ខេត្តរតនគីរីៈ សំណុំរឿងព្រហ្មទណ្ឌមួយនៅខេត្តរតនគីរី ពេលនេះស្ថិតក្នុងកណ្តាប់ដៃសមត្ថកិច្ចឬតុលាការ ក្រោយពីមន្ត្រីនគបាលខេត្តរតនគីរីម្នាក់ និងបក្ខពួករងការចោទថា បានព្រួតគ្នាវាយ អ្នកសាព័ត៌មានក្រោយទូរស័ព្ទឱ្យលុយអ្នកសារព័ត៌មាន ជាថ្នូនឹងរថយន្តដឹកឈើ១គ្រឿង តែអ្នកសារព័ត៌មានមិនយក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១.៥០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦តាមបណ្ដោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ ភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុងបានលុង ខេត្តរតនគីរី។
តាមការឱ្យដឹងពីលោក ភួង ផុន អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខងារភ្នាក់ងារយកព័ត៌មាន បានបញ្ជាក់ថា មុនពេលកើតហេតុប្រមាណជាកន្លះម៉ោង ឈ្មោះ ដុះវណ្ណ សុវឌ្ឍនៈ ហៅ ណាក់ ជាមន្ត្រីនគបាលប្រឆាំងគ្រឿងញៀន នៅស្នងការខេត្តរតនគីរី បានទូរស័ព្ទមកថា ឲ្យប្រាក់ចំនួន៥០ដុល្លា ជាថ្នូរ និង រថយន្តបាឡែន ពណ៌ខ្មៅ ដឹកឈើ តែលោកមិនទទួលនោះទេ។

លោកបន្តថា បន្តិចក្រោយមក ឈ្មោះ ដុះវណ្ណ សុវឌ្ឍនៈ ហៅ ណាក់ និងឈ្មោះ ផេត សំណាង អាយុ ៣៤ ឆ្នាំ បានបើករថយន្តម៉ាកលុចស៊ីស ពណ៌ខ្មៅ គ្មានស្លាកលេខបត់កាត់មុខ ទទឹងផ្លូវ បំរុងកៀរទំលាក់ពីលើថ្នល់ តែសំណាងល្អរថយន្តអ្នកសាព័ត៌មានបើកបរ មានល្បឿនពោលបើកយឺតៗ។

បើទោះបីជាពុំមានគ្រោះថ្នាក់ក៏ដោយ ក៏ប៉ុន្តែឈ្មោះ ផេត សំណាង បានចុះពីលើរថយន្តមកក្របួច.ក អាវអ្នកសាព័ត៌មាន ហើយឈ្មោះ ដុះវណ្ណ សុវឌ្ឍនៈ ហៅ ណាក់ ជាអ្នកទះកំផ្លៀង ។

លោកឧត្តមសេនីយ៍ នួន គឿន ស្នងការនគរបាលខេត្តរតនគីរីបានទទួលស្គាល់ថា បុរសឈ្មោះ ដុស វ៉ាន់វឌ្ឍនៈ ពិតជានគរបាលនៅស្នងការដ្ឋាននគរបាលខេត្តរតនគីរីប្រាកដមែន។
លោកបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា លោកពុំទាន់ដឹងច្បាស់អំពីករណីនេះនៅឡើយទេ ព្រោះនៅថ្ងៃកើតហេតុ លោកជាប់មានធុរៈទទួលប្រតិភូប្រទេសវៀតណាម។យ៉ាងណាក៏ដោយ លោកលើកឡើងថា លោកនឹងពិនិត្យលើរឿងនេះ។

លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ឋិមនុស្សអាដហុកប្រចាំខេត្តរតនគីរីបានថ្លែងថា ក្នុងករណីមានការគំរាមកំហែង ឫប្រើហឹង្សាណាមួយលើអ្នកសារព័ត៌មាន ដែលចុះយកព័ត៌មានតាមទីសាធារណៈ គឺជាអំពីខុសច្បាប់។
លោកលើកឡើងប្រាប់សារព័ត៌មានក្នុងស្រុកថា ក្នុងករណីចង់បំភ្លឺពាក់ព័ន្ឋការចុះផ្សាយណាមួយ ភាគីម្ខាងទៀតត្រូវប្រាប់អង្គភាពសារព័ត៌មានដើម្បីចុះផ្សាយឡើងវិញ ហើយគេពុំគួគំរាម ឫប្រើហឹង្សាលើកអ្នកយកព័ត៌មាននោះទេ។

លោកបញ្ជាក់ថា នឹងធ្វើការតាមដានលើករណីនេះ ព្រោះវាជាអំពើរំលោភសិទ្ឋមនុស្ស និងរំលោភសិទ្ឋរបស់អ្នកសារព័ត៌មាន៕

   
 

មតិយោបល់