ព័ត៌មានជាតិ

ចាក់បេតុងស្ថាបនាផ្លូវកប់ស្រូវ ប្រវែងជិត១៣គីឡូម៉ែត្រ កម្រាស់២តឹក

ភ្នំពេញៈ ដើម្បីសម្រួលដល់ចរាចរណ៍ដល់ប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់ សោភ័ណរាជធានីភ្នំពេញផងនោះ សាលារាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាផ្លូវ ពង្រីក និងជួសជុលផ្លូវជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ។

ជាក់ស្តែងសម្រាប់កំណាត់ផ្លូវកប់ស្រូវ ដែលមានជិត១៣គីឡូម៉ែត្រ និងមានកម្រាស់២តឹក ចាប់ពីរង្វង់មូលស្ពានឧកញ៉ា លី យ៉ុងផាត់ ដល់ផ្លូវរថភ្លើង ក៏បាននិងកំពុងធ្វើសកម្មភាពស្ថាបនាយ៉ាងមមាញឹកផងដែរ ហើយដើម្បីឲ្យការស្ថាបនាកំណាត់ផ្លូវមួយខ្សែនេះបានគុណភាពល្អប្រសើរស្របតាមស្តង់បច្ចេកទេស នៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៦ ពោលគឺ ក្រោយពីបញ្ចប់ពិធីសំណេះសំណាលសួរសុខទុក្ខដល់ជនរងគ្រោះដែលបានជាសះស្បើយពីសារធាតុញៀន ហើយត្រូវបានសមាហរណកម្មទៅសហគមន៍វិញ នៅមជ្ឈមណ្ឌលឱកាសខ្ញុំ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ បានបន្ត ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដំណើរការការដ្ឋានស្ថាបនាផ្លូវកប់ស្រូវនេះផងដែរ។

ជុំវិញសកម្មភាពនៃការចុះពិនិត្យដំណើការនៃការមើលការដ្ឋានស្ថាបនាផ្លូវកប់ស្រូវនេះដែរ បើតាមប្រព័ន្ធសង្គមហ្វេសប៊ុកជាផ្លូវការរបស់លោក ប៉ា សុជាតិវង្ស បានសរសេរថា “នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ លោកនឹងចុះពិនិត្យដំណើរការការដ្ឋានស្ថាបនាផ្លូវកប់ស្រូវ ជាប្រភេទបេតុងអារមេ កម្រាស់២០សង់ទីម៉ែត្រប្រវែង ១២,៨គីឡូមែត្រទទឹង ២២ម៉ែត្រ ចាប់ពីរង្វង់មូលស្ពានឧកញ៉ា លី យ៉ុងផាត់ដល់ផ្លូវរថភ្លើង”

ការដ្ឋាននេះកំពុងដំណើរការចំនួន៣ក្រុម ដើម្បីជំរុញឲ្យបានប្រើប្រាស់ក្នុងពេលខ្លីខាងមុខ៕

មតិយោបល់