ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសង្ឃ៣អង្គ និងយុវជនម្នាក់ ពីបទប្រើប្រាស់គ្រឿងញៀន

ស្វាយរៀង: សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាន បានសហការណ៍ជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានចុះឃាត់ខ្លួនសង្ឃ៣អង្គ និងយុវជនម្នាក់ ក្នុងនៅវត្តព្រៃធ្លក កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចវត្តព្រៃធ្លក ស្ថិតនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយានបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនសង្ឃ៣អង្គ និងយុវជនម្នាក់នោះ ដោយមានសេចក្តីរាយការណ៍ថា មានសង្ឃ៣អង្គនៅវត្តព្រៃធ្លកប្រើប្រាស់គ្រឿងញៀន និងយុវជនម្នាក់ទៀត នៅក្នុងកុដិ ទើបកម្លាំងសមត្ថកិច្ចបានសហការណ៍ជាមួយការិយាល័យធម្មការ និងសាសនាស្រុក និងមេគុណស្រុកកំពង់រោទ៍បានចាប់ផ្សិកព្រះសង្ឃ៣អង្គខាងលើនេះ ដើម្បីធ្វើតេស្តទឹកនោម។ ក្រោយពីធ្វើតេស្តទឹកនោមរួចសង្ឃ៣អង្គ និងយុវជនម្នាក់សុទ្ធតែមានសារធាតុញៀន។

សមត្ថកិច្ចបានបន្តទៀតថា សង្ឃទាំង៣អង្គ ដែលបានចាប់ផ្សិកនោះទី១មានឈ្មោះ នួន សុជាតិ អាយុ១៧ឆ្នាំ និងទី២ឈ្មោះ តូម សុខជា អាយុ២១ឆ្នាំ អ្នកទាំងពីររស់នៅភូមិព្រៃធ្លក ឃុំស្វាយតាយាន និងទី៣ឈ្មោះ ជា គុម្ពី អាយុ១៧ឆ្នាំមានទីលំនៅភូមិព្រៃស្នៀង ឃុំស្វាយតាយាន។ ចំណែកឯយុវជនម្នាក់ទៀតមានឈ្មោះ ចាន់ ថនពិសិដ្ធ អាយុ២១ឆ្នាំរស់នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

បច្ចុប្បន្នជនពាក់ព័ន្ធនឹងគ្រឿងញៀនទាំង៤នាក់ខាងលើ ត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់