ព័ត៌មានជាតិ

លោក ចូ បៃដិន នឹងពិភាក្សាពីសំណុំរឿងកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ជេន សាគី (Jen Psaki ) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងពិភាក្សាពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងជាមួយភាគីកូរ៉េខាងត្បូង និងជប៉ុន ក្នុងកំលុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ ប្រទេសទាំងពីរ នាចុងខែឧសភានេះ។

លោកស្រី Psaki បានឲ្យដឹងបន្ថែមថា លោក បៃដិន ក៏នឹងពិភាក្សាគ្នាផងដែរពីការឈ្លានរបស់រុស្ស៉ីនៅអ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចរបស់លោក ព្រមទាំង កិច្ចពិភាក្សាជាច្រើនទៀត នៅឯទីក្រុងតូក្យូ ជាមួយមេដឹកនាំនៃក្រុមប្រទេសក្វាដ (Quad) រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា។

បើតាមការគ្រោងទុក លោក បៃដិន នឹងធ្វើដំណើរទស្សកិច្ចមកកាន់កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២៤ ខែឧសភាខាងមុខនេះ ខណ:លោកគ្រោងនឹងជួបជាមួយប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) និង លោកនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអុ គីស៊ីដាផងដែរ៕

ប្រភព៖ Reuters

មតិយោបល់