ព័ត៌មានជាតិ

លោក ឈឿន សុចិត្រ៖ ចំពោះប៉ូលិសគ្រឿងញៀនខេត្តកណ្តាល ធ្វេសប្រហែលឲ្យជនត្រូវចោទម្នាក់រត់គេចខ្លួនពីតុលាការ និងមានវិន័យកងកម្លាំង

កណ្តាល: លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងនគរបាលខេត្តកណ្តាល ទទួលផែនគ្រឿងញៀន ថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ថា ប៉ូលិសការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលធ្វេសប្រហែលធ្វើឲ្យជនត្រូវចោទម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដោះខ្នោះដៃដោយខ្លួនឯងរត់គេចខ្លួនពីតុលាការខេត្តកណ្តាល នឹងត្រូវប្រជុំពិន័យតាមកងកម្លាំង។

លោកបញ្ជាក់ថា លោកបានធ្វើរបាយការណ៍សុំគោលការដាក់ជូនលោកស្នងការ ដើម្បីអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ ពេលនេះ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនត្រូវចោទមកវិញ។

ករណីនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនរិះគន់យ៉ាងខ្លាំងក្លាអំពីការធ្វេសប្រហែលរបស់ប៉ូលិសការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ មន្ត្រីតុលាការ ថ្លែងថា ពេលនេះតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមកវិញហើយ។

មន្ត្រីតុលាការទើបបង្ហើបឲ្យដឹងថា ជនសង្ស័យ២នាក់ប្តីប្រពន្ធពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់ ។ នគរបាលទាំងនេះស្លៀកពាក់ឯកសណ្ឋានស៊ីវិល ដោយទំនងសំអាងថាជាថ្ងៃអាទិត្យ។

ក្រោយការសាកសួរ លោក ហេង ផេង ព្រះរាជអាជ្ញារងសម្រេចចោទប្រកាន់២នាក់ប្តីប្រពន្ធនេះ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួចបញ្ជូនជនត្រូវចោទនិងសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ លោក ងួន វុទ្ធី ជាចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទទាំង២នាក់នេះដាក់ពន្ធនាគារបណ្តោះអាសន្ន។

ចន្លោះពេលនេះ ជនត្រូវចោទទាំង២នាក់ត្រូវជាប់ខ្នោះដៃជាមួយគ្នា ហើយដោយសារការធ្វេសប្រហែលរបស់នគរបាល ប្តីបានដោះខ្នោះដៃរត់គេចខ្លួនតែម្នាក់ឯងចោលប្រពន្ធឲ្យនៅតែឯង ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង៕

មតិយោបល់