ព័ត៌មានជាតិ

​កាមរី សាកកម្លាំងជាមួយ គោយន្តកន្រ្តៃ ​របួស៤នាក់ ផ្អើលទាំងយប់!

​​ឧត្តរមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមាន​រថយន្តម៉ាក​កាមរី បើកក្នុងស្ថានភាពស្រវឹង រួចជ្រុលចង្កូតទៅបុកគោយន្តកន្រ្តៃពេញទំហឹង ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យភាគីទាំងសងខាង​និងអ្នករួមដំណើរ​ ​រងរបួសធ្ងន់ស្រាល។ ​

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទី​យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវលំ ក្បែរវត្តបុស្បូវ ភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនបង្កមានឈ្មោះ ភិម រឿន ភេទប្រុស អា​យុ៤៣ឆ្នាំ បើក​រថយន្តម៉ាកកាមារី ពណ៍សំបកឪឡឹក ស្លាកលេខភ្នំពេញ 2C-3808 ស្នាក់នៅភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ(របួសស្រាល)។ ចំណែកម្ចាស់គោយន្តរងគ្រោះមានឈ្មោះ​ ប៉ា​ ទិក​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ(​របួស​ស្រាល)​ និង​អ្នក​រួម​ដំណើរ​ចំនួន២នាក់រងរបួសធ្ងន់ស្រាល។​

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បី​ដោះស្រាយបន្តតាមផ្លូវច្បាប់៕


មតិយោបល់