កណ្តាល: ហិង្សាក្នុងគ្រួសារមួយ បានកើតឡើង រវាងកូន និងឪពុក បន្ទាប់ពីកូនមកពីផឹកស្រាស្រវឹងវិញ រួចហូបបាយ ហើយបោកចានចោល ត្រូវឪពុកស្តីបន្ទោសឲ្យ កើតចិត្តខឹងក៏ ទាយកាំបិតកាប់ឪពុករបួសធ្ងន់។
ករណីនេះដែរ កើតនៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ម៉ោង ៥ ល្ងាច ចំណុចភូមិ ឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលស្រុកខ្សច់កណ្តាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កន ជេត ភេទប្រុស អាយុ ៧៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (ជាឪពុក)។ រីឯជនបង្កឈ្មោះ ជេត ចក្រា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន (ជាកូន)។
វត្ថុតាងចាប់យករួមមាន កាំបិតបុ័ងតោចំនួន ១ និងអំពូលភ្លើងបែកចំនួន ១។
នគរបាលបញ្ជាក់ថា មុនពេលកើតហេតុជនបង្ក បានផឹកស្រាជាមួយមិត្តភក្កិឈ្មោះ ក្រឹម ភេទ ប្រុស អាយុ ៣០ ឆ្នាំ នៅភូមិឈូក ឃុំសន្លុង ផឹកស្រាសអស់ចំនួន កន្លះលីត្រ ក៏ដើរត្រឡប់មកផ្ទះ ដល់ម៉ោង ៥ ល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ជនបង្កអង្គុយហូបបាយ ពេលហូបរួច បានទាត់ចានចោល ឃើញដូចនោះជនរងគ្រោះជាឪពុក បាននិយាយថា ឯងធ្វើអីអញ្ចឹង ភ្លាមនោះ ជនសង្ស័យ ស្ទុះយកកាំបិតបុ័តតោ កាប់ជនរងគ្រោះ ហើយជនរងគ្រោះក៏បានរត់ចេញពីផ្ទះឲ្យគេជួយ។
ក្រោយមកជនបង្ក បានកាប់អំពូលភ្លើងបែកអស់ចំនួន ១ ពេលនោះជនរងគ្រោះ បានមកប្តឹងនគរបាលប៉ុស្តិ៍សន្លុង ទើបកម្លាំងនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនបង្ក បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តចាត់ការតាមនីតិវិធី៕
មតិយោបល់