ភ្នំពេញៈ អ្នកបើកបររថយន្តដឹកកុងតឺន័រ១គ្រឿង របស់ក្រុមហ៊ុនផែស្ងួត «TR» ផ្ទុះទំនាស់គ្នាជាមួយអ្នកបើករថយន្តទ្រុង១គ្រឿងទៀត រហូតផ្ទុះហិង្សារវាងគ្នានឹងគ្នា ហក់ចុះពីលើរថយន្ត បណ្តាលឲ្យរថយន្តជាប់លេខ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត កិនអូសជាប់ខាងក្រោម របួស២នាក់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងប្រុសរងគ្រោះ មិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ ដោយម្នាក់រងរបួសស្រាល និងម្នាក់ទៀតរបួសបាក់ដៃ ខណៈដែលជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-7342 ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ទៅសង្គ្រោះនៅពេទ្យគន្ធបុប្ផា។ ចំណែជនបង្កជាអ្នកបើករថយន្តដឹកកុងតឺន័រ មិនស្គាល់ម៉ាក គ្រាន់តែដឹងថា ជារថយន្តរបស់ផែស្ងួត«TR»។ រីឯរថយន្តរថយន្តទ្រុង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4297។
មុនពេលកើតហេតុ គេបានឃើញរថយន្តទាំង២គ្រឿង បានបើកបរស្របគ្នាក្នុងទិសដៅពីជើងទៅត្បូង ហើយមិនដឹងថាមានរឿងទំនាស់អ្វីជាមួយគ្នាពីកន្លែងណាមកនោះឡើយ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តកុងតឺន័របានជែងរថយន្តទ្រុង និងកៀរឲ្យឈប់រួចអ្នកបើករថយន្តកុងតឺន័របានចុះពីរថយន្តទាញដែកបំពង់ទីបដេញវាយទៅលើអ្នកបើករថយន្តទ្រុង។ បន្ទាប់រថយន្តទ្រុងបានបើកថយក្រោយ ដើម្បីគេចចេញពីការដេញវាយ ហើយផុតបន្តិចអ្នកបើករថយន្តទ្រុងបានបើកទ្វារលោតចុះក្រោមរត់គេចខ្លួនបាត់ ដោយមិនបានដោះលេខឬកាច់សោ ពន្លត់រថយន្តឡើយ ធ្វើឲ្យរថយន្តទ្រុងនោះថយក្រោយដោយខ្លួនឯងជ្រុលទៅបុកម៉ូតូក្មេងប្រុសរងគ្រោះទាំង២នាក់ ដែលកំពុងជិះឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង និងរុញជាច្រើនម៉ែត្ររងរបួសទាំង២នាក់តែម្ដង៕
https://youtu.be/ukmJ2DpbR9o
មតិយោបល់