ព័ត៌មានកីឡា

Aguero ថា Kane នឹងជោគជ័យដូច Ronaldo បើទៅ Real Madrid

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលខ្សែប្រយុទ្ធ Sergio Aguero បានណែនាំឲ្យ​ Harry Kane ផ្លាស់ទៅកាន់ក្រុម Real Madrid ខណ:កីឡាករទាំង២ មិនមែនជាមិត្តរួមក្រុមនឹងគ្នាឡើយនោះ។

បើតាមប្រភពពី Marca និង AS បានឲ្យដឹងថា ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero របស់ក្រុមបាល់​ទាត់​ Manchester City បានណែនាំឲ្យ​ Harry Kane ចាកចេញពី Spurs ទៅកាន់ Real Madrid ប្រសិនបើរូបគេចង់មានភាពល្បីល្បាញខ្លាំងក្នុងពិភពបាល់ទាត់។ Aguero បាននិយាយប្រាប់ Marca ថា ” Harry Kane គឺជាខ្សែប្រយុទ្ធដ៍ល្អបំផុតមួយរូបនាពេល​បច្ចុប្បន្ន​នេះ។ Kane មិនខុសពី Cristiano Ronaldo ឡើយ បានសាងប្រជាប្រិយភាពចេញពី​ Premier League ហើយទទួលភាពល្បីល្បាញកាន់តែខ្លាំងក្រោយពេលផ្លាស់​ទៅកាន់ក្រុម Real Madrid ។

ប្រសិនបើ Kane ចង់ក្លាយ​ជាកីឡាករល្អបំផុតរបស់ពិភពលោក ដូច Ronaldo នោះ រូបគេគួរតែផ្លាស់ទៅកាន់ Real Madrid ជាជាងនៅ Spurs ព្រោះថា Real Madrid ប្រមូលផ្តុំទៅដោយ កីឡាករល្អៗជាច្រើន ដែលអាចធ្វើឲ្យពួកគេ ងាយក្នុងការឈ្នះពាន នៅតំបន់អឺរ៉ុប ជាងក្លិបនៅ Premier League ។ តាមរយ:សមត្ថភាពរបស់ Harry Kane នៅពេលនេះ គេអាចជំនួស Ronaldo បានក្នុងក្លាយជាកីឡាករល្អជាងគេនៅ Real Madrid ក៍ដូចជាកីឡាករល្អបំផុតរបស់ពិភពលោកបានផងដែរ។

Aguero បានឲ្យដឹងបន្ថែមទៀតថា ” កាលនៅ Man Utd កីឡាករ​ Cristiano Ronaldo មិនល្បីល្បាញខ្លាំងដូចនៅ Real Madrid ឡើយ ប្រជាប្រិយភាពរបស់ Ronaldo មិនខ្លាំងដល់ Lionel Messi ឡើយ ដោយគ្រាន់តែជាកីឡាករល្អមួយរូបរបស់ Man Utd ប៉ុណ្ណោះ ខណ:ក្នុងពិភពលោកវិញ មិនទាន់នៅឡើយទេ។ ក៍ប៉ុន្តែ ក្រោយផ្លាស់ទៅកាន់ Real Madrid កំពូលខ្សែប្រយុទ្ធរូបនេះ បានបង្កើតកំណត់ត្រាជាច្រើន រួម​ទាំថ់ងជួយឲ្យ Real Madrid ឈ្នះពានជាច្រើនផងនោះ បានធ្វើឲ្យរូបគេដណ្តើមបានជាកីឡាករល្អបំផុតក្នុងលោក ប្រជែងជាមួយ Lionel Messi ក្នុងរយ:ពេល ១០ឆ្នាំកន្លងមកនេះ”។

តាមរយ:សម្តីរបស់ Sergio Aguero​ ខ្សែប្រយុទ្ធ មុតស្រួច Harry Kane នឹងក្លាយជា Cristiano Ronaldo ថ្មី ប្រសិនបើផ្លាស់ទៅកាន់ក្រុម Real Madrid នោះ។

មតិយោបល់