ព័ត៌មានជាតិ

រថយន្តដឹកទឹកបរិសុទ្ធ ឱរ៉ាល់ ចតស្ងៀម ម៉ូតូបោះពួយទៅបុកពីក្រោយរបួសធ្ងន់!

ភ្នំពេញ: រថយន្តដឹកទឹកបរិសុទ្ធ ឱរ៉ាល់ ចតស្ងៀមអែបចិញ្ចើមផ្លូវខាងស្តាំដៃ ម៉ូតូបោះពួយយ៉ាងលឿនទៅបុកពីក្រោយរថយន្ត បណ្តាលឲ្យរងរបួសចង្អុលដៃធ្ងន់និងរបួសជង្គង់ រថយន្តបែកស្តុបក្រោយ ម៉ូតូខូចខាតកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងជើងឱសថស្ថាន សួគ៌ា ប្រហែល៣ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តដឹកទឹកសុទ្ធខាងលើ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2M 0348 ចតនៅស្ងៀម។ ចំណែកម៉ូតូបង្ក ម៉ាកឌ្រីម សេ១២៦ ស៊េរីឆ្នាំ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CJ 0315ជិះតែម្នាក់ឯង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកទឹកបរិសុទ្ធខាងលើ បានមកឈប់រថយន្តនៅអែបចិញ្ចើមផ្លូវខាងលើខាងស្តាំដៃ ដើម្បីដាក់ទឹកឲ្យម៉ូយ ខណ:ដាក់រួចរាល់បំណងបើកចេញមិនទាន់បានបើកផង ក៏ស្រាប់តែមានម៉ូតូខាងលើជិះតែម្នាក់ឯងបោះយ៉ាងលឿនពីត្បូងទៅជើងជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុករថយន្តពីក្រោយផ្នែកខាងឆ្វេងរថយន្ត បណ្តាលឲ្យរងរបួសចង្អុលដៃស្តាំធ្ងន់និងរបួសជង្គង់តែម្តង។
ក្រោយពេលកើតហេតុបុរសរងរបួសត្រូវបានដឹកទៅព្យាលនៅគ្លីនិកឯកជនមួយកន្លែងនៅក្នុងសង្កាត់ព្រែកលៀប ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រង់ចាំភាគីឬដំណាងភាគីទាំងសងខាងចូលដោះស្រាយនៅពេលក្រោយ៕

មតិយោបល់