ព័ត៌មានជាតិ

ឃើញប៉ូលិសផ្តួលម៉ូតូរត់ ចាប់បានយកមកសួរ តាមពិត ចោរសោះ !

ភ្នំពេញ: ជនសង្ស័យ២នាក់ ចេញធ្វើសកម្មភាពកាច់.កម៉ូតូតែពេលដែលឃើញកម្លាំង សមត្ថកិច្ចខណ្ឌដង្កោចុះល្បាតក៏ផ្ដួលម៉ូតូរត់ត្រូវសមត្ថកិច្ចធ្វើដេញចាប់បានភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង ៣០ នាទីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ជូរ សម្បត្ដិ អាយុ៣១ ឆ្នាំមុខរបរសំណង់ ស្នាក់នៅការដ្ឋាននៅកំបូល មានស្រុកកំណើត ភូមិកំពង់នុង ឃុំកូនសាត់ ស្រុកកំពត ខេត្ដកំពត និងទី២-ឈ្មោះ ជួន ព្រឹម អាយុ៣៥ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅក្នុងការដ្ឋានជាមួយគ្នា ។

បើតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្ដិ៍រលួស បានចុះល្បាតក្នុងភូមិសាស្ដ្រ ដើម្បីទប់ស្កាត់បទល្មើល ស្រាប់តែពេលល្បាតទៅដល់ចំណុចកើតហេតុក៏បានប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ពេលនោះសមត្ថកិច្ចមានការសង្ស័យក៏បានហៅឲ្យឈប់ដើម្បីសួរនាំ ស្រាប់តែជនសង្ស័យទាំង២នាក់បានផ្ដួលម៉ូតូរួចរត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញចាប់បានភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

បើតាមសម្ដីសារភាពរបស់ជនសង្ស័យទាំង២នាក់បានឆ្លើយថា ខ្លួនបានធ្វើសកម្មភាពលួចកាច់កម៉ូតូ ជាច្រើនលើកមកហើយ ដែលបានធ្វើសកម្មភាពនៅខេត្ដកំពង់ស្ពឺ និងខេត្តកំពត លុះមកដល់ថ្ងៃចាប់ខ្លួននេះជនសង្ស័យទាំង២នាក់បានចេញមកធ្វើសកម្មភាពកាច់កម៉ូតូនៅខណ្ឌដង្កោ តែជាអកុសលត្រូវជួបកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនបាន ។

វត្ថុដកហូតបានរួមមាន៖ ស្លាកលេខម៉ូតូចំនួន៣ , ម៉ូតូមួយគ្រឿង និងសោសម្រាប់កាច់កមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចធ្វើការសាកសួរនៅកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់