ព័ត៌មានជាតិ

សន្តិសុខសាលាខណ្ឌមានជ័យម្នាក់ ត្រូវអ្នកលក់ខោអាវ យកដំបងឬស្សីវាយ ខណៈចុះរៀបចំសណ្តាប់ធ្នាប់

ភ្នំពេញៈ បុរសជាសន្តិសុខសណ្តាប់ធ្នាប់ របស់សាលាខណ្ឌមានជ័យម្នាក់ ត្រូវបានអ្នកលក់ខោអាវ វាយនិងដំបងឬស្សី ខណៈកំពុងចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈ បណ្តាលឲ្យរងរបួសស្រាល។

ករណីប្រើអំពើហិង្សា ទៅលើបុរសជាសន្តិសុខខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមសន្តិសុខបានចុះមករៀបចំសណ្តាប់ធ្នាប់ តាមផ្លូវសាធារណៈក្នុងមូលដ្ឋាន ដែលមានបទបញ្ជាពីថ្នាក់លើ លុះមកដល់កន្លែងកើតហេតុ កម្លាំងសណ្តាប់ធ្នាប់បានចុះណែនាំឲ្យអ្នកលក់ខោអាវខាងលើ រើចូលក្នុងកុំឲ្យលក់លើចញ្ចើមថ្នល់ តែដោយអ្នកលក់ខោអាវ កំពុងមួម៉ៅលក់រឿងមិនទាន់ដាច់ផង ក៏ទាញដំបងឬស្សីវាយមកលើបុរស ដែលជាសន្តិសុខម្នាក់ រហូតបាក់ដំបងឬស្សី ហើយរត់ចូលក្នុង ត្រូវបានក្រុមសន្តិសុខដេញចាប់បាន ដឹកយកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចាត់ការបន្ត។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជ្រី រ៉ាវី អាយុ២៧ឆ្នាំ មុខរបរសន្តិសុខសាលាខណ្ឌមានជ័យ ស្នាក់ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័
ចំណែកជនបង្កឈ្មោះ អុន សុភណ្ឌ័ អាយុ២៧ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្រោយពេលកើតហេតុ ដោយមានការសម្របសម្រួល ពីលោក ឯម ភាមរី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ គឺជនបង្កបានសុំទោស និងសងថ្លៃព្យាបាលដល់ជនរងគ្រោះ ដើម្បីបញ្ចប់រឿង៕

មតិយោបល់