ព័ត៌មានសុខភាព

តិចអត់ដឹង! ផឹកទឹកក្តៅទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

មនុស្សយើងត្រូវការទទួលទានទឹកយ៉ាងហោចណាស់ ៧ទៅ ៨កែវនៅក្នុងមួយថ្ងៃ ដើម្បីជួយឲ្យរាងកាយមានសំណើម។ ទោះជាយ៉ាងណាមនុស្សភាគច្រើនចូលចិត្តផឹកត្រជាក់ច្រើនជាងទឹកក្តៅ ក្រោមហេតុផលដ៏សាមញ្ញមួយគឺ ខ្ជិលដាំ។ ក៏ប៉ុន្តែបើយោងតាមឱសថបុរាណចិន និងឥណ្ឌា បានបង្ហាញថា ការទទួលទានទឹកក្តៅឧណ្ឌៗអាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ កាត់បន្ថយបញ្ហាស្ទះសរសៃឈាម ធ្វើឲ្យរាងកាយមានអារម្មណ៍ធូរស្រាល និងមានប្រយោជន៍ជាច្រើនទៀតសម្រាប់សុខភាព។ ប៉ុណ្នឹងនៅមិនទាន់អស់នោះទេ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ជាច្រើនទៀត នៃការទទួលទានទឹកក្តៅឧណ្ឌៗជារៀងរាល់ថ្ងៃ៖

១.កាត់បន្ថយអាការឈឺក្បាល
ចំហាយទឹកក្តៅ អាចជួយកាត់បន្ថយបញ្ហាស្លេសដែលនៅរាំងស្ទះត្រង់ប្រហោងឆ្អឹងច្រមុះ ដែលជាហេតុធ្វើឲ្យអ្នកពិបាកដកដង្ហើម និងឈឺក្បាល។ មិនតែប៉ុណ្ណោះ ការទទួលទានទឹកក្តៅក៏អាចជួយការពារមិនឲ្យកើតមានបញ្ហាស្លេសផងដែរ។

២.ជួយរំលាយអាហារ
ការទទួលទានទឹកក្តៅជារៀងរាល់ថ្ងៃ អាចជួយបំបាត់ការឈឺចាប់ និងជំរុញឲ្យប្រព័ន្ធរំលាយអាហារមានភាពសកម្ម។ នៅពេលទឹកក្តៅឧណ្ឌៗឆ្លងកាត់ក្រពះ ពោះវៀន វានឹងធ្វើឲ្យសរីរាង្គទាំងនេះមានសំណើមគ្រប់គ្រាន់ ហើយអាចលុបបំបាត់ចោលនូវកាកសំណល់លឿន។ ម្យ៉ាងវិញទៀត វាដើរតួនាទីជាប្រេងរំអិល ដែលអាចរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ។

៣.សម្រួលដល់ការទល់លាមក
ការទល់លាមក គឺជាបញ្ហាទូទៅដែលមនុស្សជាច្រើនតែងតែទទួលរង។ ក៏ប៉ុន្តែ ការទទួលទានទឹកក្តៅមួយកែវនឹងជួយឲ្យពោះវៀនដំណើរការល្អ និងបណ្តេញកាកសំណល់ចាស់ចេញពីរាងកាយ។ ដូច្នេះ នៅពេលអ្នកជួបបញ្ហាទល់លាមកកុំភ្លេចព្យាយាមទទួលទានទឹក្តៅឲ្យបានច្រើន។

៤.ជួយសម្រកទម្ងន់
ការទទួលទានទឹកក្តៅមួយកែវ លាយជាមួយនឹងក្រូចឆ្មារមួយចំណិត នៅពេលព្រឹក អាចជួយដុតរំលាយអាហារបានលឿន និងធ្វើឲ្យរាងកាយមានសមត្ថភាពដុតបំផ្លាញកាឡូរីពេញមួយថ្ងៃ។ លើសពីនេះទៅទៀត ទឹកក្តៅអាចជួយសម្អាតពោះវៀន ការពារបញ្ហាហើមពោះ និងកម្ចាត់ជាតិខ្លាញ់ដែលលើស។

៥.ធ្វើឲ្យប្រសើរឡើងនូវចលនាឈាម
ការទទួលទានទឹកក្តៅអាចជួយឲ្យសរសៃឈាមរបស់អ្នករីកធំ និងដឹកជញ្ជូនឈាមទៅកាន់សរីរាង្គផ្សេងៗបានយ៉ាងល្អ។ សរសៃឈាមមានសុខភាពល្អ អាចការពារហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

៦.សម្អាតជាតិពុល
នៅពេលដែលអ្នកទទួលទានទឹកក្តៅជារៀងរាល់ថ្ងៃ ប្រព័ន្ធអង់ដូរគ្រីនរបស់រាងកាយនឹងមានសកម្មភាព ហើយបញ្ចេញញើស។ ការបែកញើសនេះហើយ គឺជាការបណ្តេញជាតិពុលចេញពីរាងកាយ។

៧.ការបន្ថយការឈឺចាប់ពេលមករហូត
ការទទួលទានទឹកក្តៅ អាចជួយបង្កើនលំហូរឈាមទៅកាន់ជាលិកា ដែលអនុញ្ញាតឲ្យសាច់ដុំមានពេលសម្រាក ហើយវាក៏អាចជួយគ្រប់គ្រងបញ្ហាឈឺចាប់ពេលមករដូវផងដែរ។ ទន្ទឹមនឹងនេះ ការទទួលទានទឹកក្តៅអាចជួយឲ្យអ្នកគេងលក់ស្រួល។

៨.កាត់បន្ថយភាពតានតឹង
ការកើនឡើងនៃអ័រម៉ូនស្ត្រេស (Cortisol) ធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងកាន់តែខ្លាំង ប៉ុន្តែទឹកក្តៅអាចកាត់បន្ថយបញ្ហានេះបាន។ ការទទួលទានទឹកក្តៅ មានឥទ្ធិពលជួយឲ្យខួរក្បាលបានសម្រាក និងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលត្រឡប់មកវិញ។

៩.ជំរុញឲ្យរាងកាយមានថាមពល
ការទទួលទានទឹកក្តៅពេញមួយថ្ងៃ នឹងជួយឲ្យរាងកាយរបស់អ្នករក្សាសារធាតុ ហ៊ីដ្រាត (hydrated)បានគ្រប់គ្រាន់។ សារធាតុ ហ៊ីដ្រាត ពិតជាមានសារៈសំខាន់ខ្លាំណាស់ក្នុងការបំពេញមុខងារសំខាន់ៗនៃរាងកាយ ហើយប្រសិនបើរាងរក្សាវាមិនគ្រប់គ្រាន់ទេ អាចនាំឲ្យកង្វះជាតិទឹក ចង្វាក់បេះដូងកើនឡើង ចង្អោរ អស់កម្លាំង និងឈឺក្បាល៕

ប្រភព៖ boldsky

មតិយោបល់