ក្រោយពីក្រុមហ៊ុនប្រកាសបញ្ចុះតម្លៃប្តូរថ្មថ្មីសម្រាប់ iPhone ដែលខ្លួនបានបន្ថយល្បឿនដំណើរការរបស់វាទៅតាមអាយុកាលថ្មដោយចេតនារួមមក អតិថិជនជាច្រើនបានសម្រុកយកទូរសព្ទដៃរបស់ខ្លួនទៅឱ្យក្រុមហ៊ុនប្តូរថ្មថ្មីឱ្យ ក្នុងនោះ អ្នកប្រើប្រាស់ iPhone 6 Plus គឺមានចំនួនច្រើនជាងគេ។
ម្លោះហើយទើប ថ្ម iPhone ម៉ូឌែលអេក្រង់ធំផលិតក្នុងឆ្នាំ ២០១៤ នេះ ត្រូវបានក្រុមហ៊ុនប្រកាសថាដាច់ស្តុក និងត្រូវពន្យាពេលរហូតដល់ខែចុងមិនា ឬដើមមេសា។ នេះបើយោងតាមប្រភពព័ត៌មានពី MacRumors ចុះផ្សាយថ្ងៃម្សិលមិញ។
ជាមួយគ្នានោះដែរ សម្រាប់ iPhone 6 និង 6s Plus អតិថិជននឹងត្រូវរង់ចាំរយៈពេលប្រហែលពីរសប្តាហ៍ ហើយសម្រាប់ iPhone 6s, 7, 7 Plus, និង SE គឺគេពុំទទួលបានដំណឹងថាមានការពន្យាពេលអ្វីនោះទេ។
គួររំឭកថា ក្រុមហ៊ុន Apple បានចាប់ផ្តើមផ្តល់តម្លៃពិសេសត្រឹម ២៩ ដុល្លារ ខណៈតម្លៃធម្មតា ៧៩ ដុល្លារ សម្រាប់ការប្តូរថ្មថ្មីរបស់ iPhone ចាប់ពីម៉ូឌែល 6 ឡើង នៅក្នុងខែធ្នូ ដែលវាគឺជាដំណោះស្រាយមួយរបស់ក្រុមហ៊ុនក្នុងការលួងចិត្តអតិថិជន បន្ទាប់ពួកគេខ្លះខឹងសម្បារចំពោះទង្វើរបស់ក្រុមហ៊ុនដែលបានពន្យឺតដំណើរការម៉ាស៊ីនទូរសព្ទរបស់ពួកគេតាមរយៈកំណែ iOS ជំនាន់ថ្មី។
សម្រាប់អ្នកប្រើប្រាស់ iPhone នៅក្នុងប្រទេសកម្ពុជា បើចង់ប្តូរថ្ម iPhone ថ្មី អាចទាក់ទងផ្ទាល់ទៅកាន់ក្រុមហ៊ុន ឬហាង Apple ដែលមានអាជ្ញាបណ្ណ ដើម្បីសាកសួរព័ត៌មានអំពីការផ្តល់ជូនពិសេសនេះ៕
អានបន្ថែម៖Apple អាចនឹងបាត់បង់អតិថិជន ១៣០ លាននាក់ ដោយសារកម្មវិធីបញ្ចុះតម្លៃថ្ម iPhone មកត្រឹម ២៩ ដុល្លារ
Apple ប្រកាសប្តូរថ្ម iPhone តម្លៃត្រឹម ២៩ ដុល្លារ ចាប់ពីថ្ងៃនេះ
មតិយោបល់