យោងតាមផេក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា គ.ស២០១៨ វេលាម៉ោង៨ព្រឹក គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយខេត្តកំពង់ចាម បានចុះពិនិត្យរថយន្តដឹកឱសថរបស់ក្រុមហ៊ុន Yelp Ha lnc. បានពិនិត្យឃើញមានឱសថចំនួន១៨មុខ ក្នុងនោះមាន១មុខមិនបានចុះបញ្ជីការនៅក្រសួងសុខាភិបាលទេ ដែលឱសថនោះមានឈ្មោះ Honaramin Ginseng ចំនួន៦០ប្រអប់ស្មើ ៣៦០០គ្រាប់។
រថយន្តចែកចាយឱសថនោះមានបណ្ណ័ប៉ាតង់ហួសសុពលភាពនិងគ្មានលិខិតអនុញ្ញាតិពីក្រសួងសុខាភិបាលក្នុងការផ្សព្វផ្សាយលក់ឱសថ និងមិនបានចូលត្រួតពិនិត្យឱសថនៅមន្ទីរសុខាភិបាលខេត្តដែរ។ គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយខេត្ត រួមជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានដកហូតឱសថខុសច្បាប់នោះ និងបានផាកពិន័យ តាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ។
សូមបញ្ជាក់ថា ការចុះពិនិត្យនេះ ក៏មានការចូលរួមពីលោកក្រឡាបញ្ជីអយ្យការអមសាលាដំបូងខេត្តកំពង់ចាមផងដែរ៕
មតិយោបល់