អចលន​ទ្រព្យ

ព្រលានយន្តហោះអន្តរជាតិថ្មី តម្លៃជាង ១៥០០លាន$ នឹងលេចរូបរាង នៅក្រុងតាខ្មៅ

កាលពីម្សិលមិញនេះ គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្មី ត្រូវបានចុះកិច្ចព្រមព្រៀងរួចរាល់ជាស្ថាពរហើយ រវាង លោកឧកញ៉ា​ ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC និងឯកឧត្តម ហ៊ូ ហ៊ួយប៉ាង ប្រធានធនាគារអភវិវឌ្ឍន៍ចិន (CDB)។

គម្រោងព្រលានយន្តហោះភ្នំពេញថ្មី អាចនឹងត្រូវការ ដីទំហំ ២៦០០ហិកតា ដែលមានទីតាំង នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ចំពោះទុនវិនិយោគសរុបលើគម្រោងនេះ​គឺប្រមាណ ១៥០០លានដុល្លារអាមេរិក ក្នុងនោះបានមកពី កម្ចីធនាគារបរទេស ១១០០លានដុល្លារអាមេរិក កម្ចីពីភាគទុន OCIC ២៨០លានដុល្លារអាមេរិក ដើមទុនចុះបញ្ជី ១២០លានដុល្លារអាមេរិក (ក្នុងនោះ ក្រុមហ៊ុន OCIC មាន ៩០ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជាមាន ១០ភាគរយ)។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរស៊ីវិល ធ្លាប់បានលើកឡើងដែរថា កម្ពុជា នឹងត្រូវការព្រលានយន្តហោះអន្តរជាតិថ្មីមួយបន្ថែមទៀត បើសិនជា ចំនួនអ្នកដំណើរឆ្លងកាត់ មានការកើនឡើងលើសកម្រិត ដែលព្រលានយន្តហោះភ្នំពេញ អាចទទួលបាន។

លោកបានពន្យល់ឲ្យដឹងថា នៅឆ្នាំ ២០២០ ព្រលានយន្តហោះភ្នំពេញ អាចទទួលបានអ្នកដំណើរបាន ៥លាននាក់ ហើយបើសិនជា អ្នកដំណើរឆ្លងកាត់ មានចំនួនលើសកម្រិត គឺចាំបាច់ត្រូវមាន ព្រលានយន្តហោះថ្មីមួយទៀត ព្រោះព្រលានយន្តហោះភ្នំពេញ​ តូចចង្អៀត ពុំអាចពង្រីកបន្ថែមបានទេ។

គម្រោងនេះ អាចនឹងត្រូវធ្វើឡើង មុន ឬក្រោយឆ្នាំ ២០២០ យោងទៅតាមភាពជាក់ស្តែងនៃកំណើនអ្នកធ្វើដំណើរ ថាតើ កម្ពុជា អាចមានសមត្ថភាពទទួលយន្តហោះធំៗ ក៏ដូចជា ជើងហោះហើរថ្មីៗ មកកាន់កម្ពុជា បានដល់កម្រិតណា និងពេលណា។

យ៉ាងណាមិញ ព្រលានយន្តហោះថ្មីនេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនឯកជន តែចំពោះតម្លៃ និងទីកន្លែង គឺអាចបញ្ជាក់បាននៅឡើយទេ៕

មតិយោបល់