បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្ត បើកបុកម៉ូតូសណ្តោងរម៉ក រួចជ្រុលចង្កូតទៅបុកម៉ូតូហុងដាឌ្រីមពេញទំហឹងបន្ថែមទៀត បណ្តាលឲ្យភាគីខាងម៉ូតូទាំង២ ស្លាប់ចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរការ នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទីព្រឹក ស្ថិតលើកំណាត់ផ្លូវជាតិលេខ១៥៩សេ ត្រង់ចំណុចស្ពានព្រែកសំរោង ភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បើកម៉ូតូសេរីចាស់ ម៉ាកហុងដាសេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ សណ្តោងរម៉កដឹកស្មៅរ បានបើកចេញពីក្លោងទ្វាវត្តព្រែកសំរោង ស្ថិតនៅខាងជើងផ្លូវ បន្តឡើងផ្លូវជាតិបត់ស្តាំទៅលិច ដោយបើកឡើងជ្រុលទៅខាងឆ្វេងរួចក៏បើករម៉កទៅស្តាំវិញ ស្របពេលនោះដែរក៏មានរថយន្តមួយគ្រឿងម៉ាកគាដឹករោងការ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-3789 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ ពីកើតទៅលិច ក្នុងល្បឿនលឿន ជាន់ហ្រ្វាងមិនជាប់ជ្រុលទៅបុកពីចំហៀងឆ្វេងរម៉កពេញទំហឹងតែម្តង។
ចំពោះករណីខាងលើនេះ រថយន្តបង្កបានរ៉េចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀត ក្នុងទិសដៅបញ្រ្ចាសគ្នា ដែលម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាលេខបន្ទាយមានជ័យ 1J-8634 បើកបរដោយឈ្មោះ ឆម ឈឿប ភេទស្រី អាយុ៥២ឆ្នាំ ឌុបកូនស្រីឈ្មោះ ទៀង ចន្ធូ អាយុ៣៣ឆ្នាំ និងចៅស្រីឈ្មោះ រុំ លីនណា អាយុ៤ឆ្នាំ ទាំង៣នាក់ស្នាក់នៅភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕













មតិយោបល់