ព័ត៌មានជាតិ

រថយន្តដឹកដីបត់អត់ស៊ីញ៉ូ ត្រូវម៉ូតូបុក របួសធ្ងន់ពីរនាក់

ភ្នំពេញ: នៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកនិងរថយន្តដឹកដី ដែលបត់មិនដាក់ភ្លើងស៊ីញ៉ូ បណ្ដាលឲ្យបុរសពីរនាក់ របួសធ្ងន់។

ហេតុការណ៍នេះ កើតឡើងនៅតាមបណតោយផ្លូវបេតុង ស្ថិតក្នុងភូមិឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យុវជនទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បានបើកម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី២០១៨ ពាក់ស្លាកលេខ កំពង់ស្ពឺ1K-0609 ជិះឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង។

រីឯរថយន្តដឹកដីម៉ាកយីឌុក ពណ៌ក្រហម រថយន្តចង្កូតស្តាំ ពាក់ស្លាក PP -0341 តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូនិងរថយន្ត បានបើកបញ្រ្ចាសទិសគ្នា ពេលមកដល់កន្លែងកើតហេតុ រថយន្តបានបត់ឆ្វេង ស្រាប់តែម៉ូតូជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យរបួសធ្ងន់ពីរនាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង យកម៉ូតូ និងរថយន្តរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំឲ្យភាគីសងខាងចូលខ្លួន ដោះស្រាយតាមក្រោយ៕

មតិយោបល់