ព័ត៌មានជាតិ

ផ្អើលទាំងយប់! អនុប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិនម្នាក់ បើករថយន្តរ៉េចង្កូតធ្លាក់ផ្លូវ ចូលផ្ទះប្រជាពលរដ្ឋ សង្ស័យស្រវឹងស្រា

ប៉ៃលិនៈ មន្ត្រីគយ និងរដ្ឋករខេត្តប៉ៃលិនម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈមានការសង្ស័យថា តាកុងស្រវឹងស្រា បានបើករថយន្តរ៉េចង្កូតធ្លាក់ផ្លូវ ចូលផ្ទះប្រជាពលរដ្ឋ តែសំណាងពុំមានអ្នករងរបួសនោះទេ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះជាអ្នកបើកបរ មានឈ្មោះ យ៉ែម ហែមរ៉ាត់ ភេទប្រុស ជាអតីតប្រធានការិយាល័យគយ និងរដ្ឋករ ច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានផ្លាស់មកបម្រើការងារជាអនុប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិនថ្មី បានបើករថយន្ត ម៉ាកឡង់គ្រីសសឺរ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7172 (ខូចខាតរថយន្តធ្ងន់ធ្ងរ) ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីសាខាគយនិងរដ្ឋករខេត្តប៉ៃលិន បានបើករថយន្តក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត សង្ស័យតាកុងស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុ ហួសទីតាំងយកភាស៊ីឡាន ក៏វ៉ាក់អើនិងម៉ូតូមួយគ្រឿងនៅពីមុខ រួចបានបើកគេចម៉ូតូ ក៏រ៉េចង្កូតធ្លាក់ផ្លូវ ចូលផ្ទះប្រជាពលរដ្ឋទាំងយប់តែម្តង។

ប្រភពព័ត៌ដដែល បានបន្ថែមថា កើតហេតុមិនបាន១៥នាទីផង ស្រាប់តែមានរថយន្តស្ទួច មកស្ទួចរថយន្តភ្លាមៗផងដែរ ដើម្បីកុំឲ្យគេឃើញ សូម្បីតែសមត្ថកិច្ចចរាចរណ៍ ក៏មិនបានដឹងករណីខាងលើនេះដែរ៕

មតិយោបល់