បាត់ដំបងៈ លោកវរសេនីយទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានប្រាប់ Post News ថា កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីប្រើប្រាស់សោរម៉ាឡេត វាយឪពុកបង្កើតខ្លួនឯង តែមិនបានសម្រេច។
ហេតុការណ៍នេះ បានកើតទ្បើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០នាទីព្រឹក ត្រង់ចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះ ងួន រដ្ឋា ហៅខា ភេទប្រុស អាយុ២៦ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងធ្វើឃាត ដោយបានប្រើសោរម៉ាឡេត វាយទៅលើឪពុកខ្លួនឯង តែត្រូវឪពុកផុតក៏រត់ចូលព្រៃក្រោយផ្ទះ មិនហ៊ានត្រឡប់មកផ្ទះវិញ ព្រោះខ្លាចកូនប្រមាថ និងដេញកាប់សម្លាប់ ដែលកើតហេតុ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥ ល្ងាច ។
ក្រោយមកជនរងគ្រោះជាឪពុក បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ឲ្យទៅចាប់កូនរបស់គាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ តែកូនគាត់ដឹងខ្លួន បានរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃ ខែខាងលើ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន។
បច្ចុប្បន្ន ជនសង្ស័យកំពុងកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួររំឭកថា ជនសង្ស័យ បានប្រើប្រាស់គ្រឿងញៀន និងធ្លាប់បញ្ជូនទៅក្នុងមណ្ឌលកែប្រែចំនួន៣លើក រួចមកហើយផងដែរ៕
មតិយោបល់