ទីក្រុង Rio De Janeiro ( 02/09/13 ) : លោកប្រធានាធិបតីប្រេស៊ីល Dilma Rousseff កាលពីថ្ងៃច័ន្ទម្សិលមិញបានកោះហៅបើកកិច្ចប្រជុំជាបន្ទាន់មួយជាមួយនឹងរដ្ឋមន្ត្រីរបស់ខ្លួនពីរបីរូបក្នុងការពិភាក្សាគ្នាលើករណីថ្មីមួយទៀតដែលអាមេរិកបានប្រើប្រាស់ទីភ្នាក់ស៊ើបការណ៍របស់ខ្លួនក្នុងការលួចមើលសារអេឡិចត្រូនិករបស់លោកប្រធានាធិបតីជាមួយនឹងរដ្ឋមន្ត្រីរបស់ខ្លួននៅពេលថ្មីៗនេះ។
លោកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសប្រេស៊ីល Thomas Shannon ក៏ត្រូវបានអញ្ជើញហៅមកបកស្រាយភ្លាមៗដែរក្រោយរកឃើញករណីថ្មីមួយទៀតនៃការលួចយកការណ៍នេះហើយវាជាលើកទីពីរហើយដែរដែលលោកអគ្គរដ្ឋទូតរូបនេះត្រូវបានហៅមកធ្វើការស្រាយបំភ្លឺលើបញ្ហានៃការលួចយកការណ៍របស់អាមេរិកទៅលើប្រទេសប្រេស៊ីល។
គួរបញ្ជាក់ផងដែរការចោទប្រកាន់ថ្មីមួយចុងក្រោយនេះគឺផ្អែកទៅលើឯកសារដែលបានលេចធ្លាយពីសំណាក់អតីតភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកលោក Edward Snowden ។រដ្ឋាភិបាលប្រេស៊ីលជឿជាក់ថានៅមានព័ត៌មានមួយចំនួនទៀតដែលត្រូវបានគេលួចយកដូចជាមុខជំនួញប្រេងកាតរបស់ខ្លួនជាដើម៕
មតិយោបល់