ភ្នំពេញៈ យោងតាមប្រភពពី សមត្ថកិច្ចខណ្ឌសែនសុខ បានឱ្យដឹងថា លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅ បានចេញដីកាសម្រេចបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ ៤នាក់ដែលបានវាយ នគរបាលខណ្ឌសែនសុខ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីទុកបន្តនីតិវិធីនាពេលក្រោយ។
ប្រភពដដែលបន្ដថា ជនត្រូវចោទតំណាងអយ្យការចោទប្រកាន់លើ ទី១.ឈ្មោះ ម៉ៅ យឺត ទី២.ឈ្មោះ ជុំ ម៉ាលី ទី៣.ឈ្មោះ ជុំ ចំរើន និងទី៤.ឈ្មោះ សុំ នីម៉េត ពីបទហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខផ្សារទំនើបស៊ុបភឺស្ព័រ ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យោងតាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ។
គួររំឭកថា នៅថ្ងៃកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យគ្រឿងផ្ទុះ និង ជាតិអាល់កុល នៅចំណុចមុខផ្សារទំនើបស៊ុបភឺស្ព័រ ផ្លូវលេខ ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី គ្រានោះសមត្ថកិច្ច បានឃាត់ម៉ូតូរបស់ជនត្រូវចោទជិះពីរនាក់ ពាក់ព័ន្ធករណី គ្មានស្លាកលេខ និងបើកបរក្រោមស្ថានភាពស្រវឹង។
ក្រោមពីសមត្ថកិច្ចឃាត់សួរនាំក៏ត្រូវជនជាប់ចោទឈ្មោះ ជុំ ចំរើន និងឈ្មោះ ជុំ ម៉ាលី បានទូរស័ព្ទហៅ បក្ខពួក មកស្រែកឡូឡា រហូត បង្កជាទំនាស់ ហិង្សា លើសមត្ថកិច្ចតែម្តង។
ទើបសមត្ថកិច្ចឃាត់ខ្លួន បានជនត្រូវជាប់ចោទទាំង៤នាក់ យកទៅអធិការខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
មតិយោបល់