ព័ត៌មានបច្ចេកវិទ្យា

ពលរដ្ឋហាវ៉ៃភ័យស្លន់ស្លោ ក្រោយឃើញសារអាសន្តពីការវាយប្រហារមីុសីលប៉ាឡេស្ទិចលោតលើទូរសព្ទ

កាលពីថ្ងៃសៅរ៍មុននេះ ពលរដ្ឋនៃរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក មានការភ័យតក់ស្លុតក្រោយពីបានទទួលសារប្រកាសអាសន្តមួយពីការវាយប្រហារដោយមីស៊ីលប៉ាលេស្ទិកផ្ញើចូលទូរសព្ទដៃរបស់ពួកគេ និងផ្សព្វផ្សាយតាមទូរទស្សន៍។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រព័ត៌មាន CBS ចេញផ្សាយនៅថ្ងៃនោះ។

ប៉ុន្តែ ក្រោយមកបន្តិច អាជ្ញាធរក៏បានចេញដំណឹងថា សារព្រមាននោះគឺប្រកាសចេញដោយសារកំហុសមនុស្ស។

នៅក្នុងសារ Twitter មួយរបស់លោកស្រី Tulsi Gabbard សមាជិកសភារដ្ឋហាវ៉ៃម្នាក់ បានសរសេរថា គ្មានការវាយប្រហារដោយគ្រាប់មីស៊ីលណាមួយមកលើដែនកោះកណ្តាលសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួនឡើយ ហើយលោកស្រីបានគូសបញ្ជាក់ប្រាប់ដល់ក្រុមមន្រ្តីប្រចាំរដ្ឋរួចហើយ។

ដោយឡែក អភិបាលរដ្ឋហាវ៉ៃ លោក David Ige បានប្រាប់ទៅ CNN ថា ការបញ្ចេញសារប្រកាសអាសន្តនោះ គឺធ្វើឡើងដោយកំហុសឆ្គងរប​ស់មន្ត្រីមួយរូប ដែលគេបានចុចប៊ូតុងខុស។

ទោះយ៉ាងណា ប្រធានគណកម្មការទំនាក់ទំនងសហព័ន្ធ លោក Ajit Pai បាននិយាយឱ្យដឹងលើទំព័រ Twitter របស់ខ្លួននៅថ្ងៃសៅរ៍នោះថា ភ្នាក់ងារលោកកំពុងបើកការស៊ើបអង្កេតគ្រប់ជ្រុងជ្រោយទៅលើបញ្ហាខាងលើ។

កាលពីព្រឹកថ្ងៃសៅរ៍ សារព្រមានអំពីការវាយប្រហារដោយម៉ីសីលប៉ាឡេស្ទិកមួយ ទៅលើរដ្ឋហាវ៉ៃត្រូវបានផ្ញើចេញដោយប្រកាសឱ្យពលរដ្ឋ ស្វែងរកទីជម្រកសុវត្ថិភាពជាបន្ទាន់ ទោះកំពុងធ្វើដំណើរតាមដងផ្លូវក៏ដោយ។ ក្រោយមក គេឃើញមានពលរដ្ឋហាវ៉ៃមួយចំនួនបានរត់ឆ្លេឆ្លាពេញដងផ្លូវ ហើយមានសាលារៀនមួយ ក៏បាននាំកូនសិស្សភៀសខ្លួនចូលទៅក្នុងបន្ទប់ដាក់សម្ភារៈផងដែរ។

គួររំឭកផងដែរថា ការចុចកណ្តឹងអាសន្តច្រឡំនេះ គឺកើតឡើងខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងជើងកើតមានភាពតានតឹងនឹងគ្នា ហើយទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងម៉ីសីលប៉ាឡេស្ទិកអន្តរទ្វីបដើម្បីកំញើញអាមេរិកនៅក្នុងខែវិច្ឆិកា៕

មតិយោបល់