ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុករះរថយន្តដឹករោងការ របួស៥នាក់ ផ្អើលទាំងយប់!

តាកែវ: កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបុករថយន្តទីតាន់ ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង បណ្តាលឲ្យរបួសស្រាលម្នាក់ និងរបួសធ្ងន់៤នាក់ នៅលើផ្លូវជាតិលេខ២​ ចន្លោះគីឡួម៉ែត្រលេខ៤២-៤៣ ​ភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ អ៊ែល ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ(របួសស្រាល) បើករថយន្តម៉ាកទីតាន់ ពណ៌ស ពាក់ស្លាកលេខកណ្តាល 2A-0132 និងអ្នករួមដំណើរ៤នាក់ ទី១ឈ្មោះ យ៉ុម ម៉ង់ ភេទប្រុស អាយុ២២ឆ្នាំ(របួសធ្ងន់) ទី២ឈ្មោះ ហ៊ែល ឈិ ភេទប្រុស អាយុ១៨ឆ្នាំ(របួសធ្ងន់) ទី៣ឈ្មោះ យ៉ុម មាន់ ភេទប្រុស អាយុ១៨ឆ្នាំ(របួសធ្ងន់) និងទី៤ឈ្មោះ គេន ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ(របួសធ្ងន់) ទាំង៥នាក់ស្នាក់នៅភូមិកណ្តឹងធំ ឃុំកណ្តឹងធំ ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន) បើករថយន្តម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌ស ស្លាកលេខភ្នំពេញ3D-4927។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកអ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

មតិយោបល់