ភ្នំពេញៈ យោងតាមប្រភពពី នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួន ជនត្រូវចោទម្នាក់ ដែលពាក់ព័ន្ធករណី ឆបោកប្រាក់ ពីប្រជាពលរដ្ឋ រឿងរត់ការចូលបម្រើជាមន្ត្រីយោធា ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ម្សិលមិញ។
ប្រភពបន្ដថា ជនត្រូវចោទមានឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅផ្ទះលេខ ៨DP ផ្លូវលេខ២៥២ ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃម្សិលមិញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ លោកចៅក្រម ថាន់ ឡេង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានចោទប្រកាន់ជននេះ ពីបទ ឆបោក ប្រាក់ ជាង១ម៉ឺនដុល្លារ។
សមត្ថកិច្ចបន្ថែមថា ដើមចមដែលនាំឱ្យមានការចាប់ខ្លួន ជនត្រូវចោទខាងលើនេះ គឺ កាលពីអំឡុងឆ្នាំ២០១៦ ជនត្រូវចោទឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ បានយកលុយពីមនុស្ស២នាក់ ក្នុងម្នាក់ៗចំនួន ១២, ០០០ដុល្លារ ដោយធានារត់ការឲ្យបានចូលក្របខ័ណ្ឌរដ្ឋ ជាមន្ត្រីយោធា ដោយជនត្រូវចោទសន្យាថា បើកាលណារត់ការមិនបានសម្រេចនោះ នឹងប្រគល់ប្រាក់មកម្ចាស់គេវិញចំនួន មួយគុណ នឹង២ នៃចំនួនប្រាក់ដើម។
លុះដល់ថ្ងៃកំណត់មកដល់ ជនត្រូវចោទ មិនអាចជួយឱ្យមនុស្សពីរនាក់នោះ ចូលបម្រើការងារក្នុងក្របខ័ណ្ឌយោធាបាន និងបានរត់គេចខ្លួន ទើបជនរងគ្រោះ ដាក់ពាក្យប្តឹងទៅតុលាការ រហូតឈានដល់ការចាប់ខ្លួនតែម្តង ព្រោះតែជនត្រូវចោទឈ្មោះ ជុំ ប៊ុន្នីវុឍ្ឍ បានគេចវេសមិនព្រមចូលខ្លួនតាមដីកាកោះហៅរបស់ តំណាងអយ្យការ និងចៅក្រមស៊ើបសួរ។
ពាក់ព័ន្ធមូលហេតុនៃការសម្រេចមិនឃុំខ្លួនជនត្រូវចោទខាងលើនេះ យើងនៅមិនទាន់អាចសុំការបញ្ជាក់ពីមូលហេតុ ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ដោយសារលោកមិនបានឆ្លើយតបនឹងសួរតាម គ្រុប Telegram ដែលបានផ្ញើជូននោះទេ។
តែទោះជាយ៉ាងណា ជនត្រូវចោទនៅតែមានឱកាស រស់នៅក្រៅឃុំ និងមានឱកាសអាចបន្តការងារបោកប្រាស់ពលរដ្ឋស្នូតត្រង់ ដែលចង់បានការងារក្របខ័ណ្ឌរដ្ឋបន្តទៅទៀតបានដដែល ខណៈរាជរដ្ឋាភិបាលកំពុងតែ ខិតខំលុបបំបាត់អំពើពុករលួយ ក្នុងការប្រលងបម្រើការងារជាមន្ត្រី៕
មតិយោបល់