ព័ត៌មានសុខភាព

ចង់លូតកម្ពស់ត្រូវស្តង់ដា កុំរំលងអាហារ ៥ប្រភេទនេះ

តើអ្នកកំពុងតែលួចច្រណែនជាមួយនឹងមនុស្សដែលមានកម្ពស់ខ្ពស់មែនទេ? មនុស្សម្នាក់ៗកើតមកមានកម្ពស់មិនដូចគ្នានោះទេ ខ្លះទាប ខ្លះខ្ពស់ខ្ពស់ អាស្រ័យទៅលើកត្តាហ្សែន និងការទទួលទានរបបអាហារប្រចាំថ្ងៃ។

ការទទួលទានអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុខនិជ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញដល់ការលូតកម្ពស់។ ប៉ុន្តែទន្ទឹមនឹងនេះអ្នកត្រូវដឹងថា មនុស្សប្រុសឈប់លូតកម្ពស់នៅវ័យ ២៥ឆ្នាំ រីឯមនុស្សស្រីវិញត្រឹមតែ ១៩ឆ្នាំប៉ុណ្ណោះ។ ដូច្នេះដើម្បីជំរុញឲ្យកម្ពស់លូតលាស់បានល្អ អ្នកត្រូវព្យាយាមទទួលទានអាហារ ៥ប្រភេទនេះនៅក្នុងវ័យជំទង់។

១.សាច់មាន់
សាច់មាន់មិនត្រឹមតែជាអាហារដែលមានរស់ជាតិឆ្ងាញ់ ហើយមនុស្សភាគច្រើនចូលចិត្តនោះទេ វាថែមទាំងសម្បូរទៅដោយប្រូតេអ៊ីនដែលមានប្រសិទ្ធភាពបំផុតក្នុងការជួយជំរុញដល់ការលូតកម្ពស់។ ការបន្ថែមសាច់មាន់ទៅក្នុងរបបអាហារឲ្យបានញឹកញាប់ ក៏អាចជួយជំរុញដល់ការលូតលាស់សាច់ដុំរបស់រាងកាយផងដែរ។

២.ទឹកដោះគោ
ទឹកដោះគោ ត្រូវបានគេរកឃើញថា ជាប្រភពនៃជាតិកាល់ស្យូម ដែលអាចជួយឲ្យឆ្អឹងមានភាពរឹងមាំ និងមានការលូតលាស់បានល្អ។ លើសពីនេះទៅទៀត ទឹកដោះគោ ក៏មានផ្ទុកប្រូតេអ៊ីន និងវីតាមីន A ដែលរាងកាយត្រូវការជាប្រចាំផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងស្រុង អ្នកគួរតែញ៉ាំទឹកដោះគោឲ្យបាន ២កែវក្នុងមួយថ្ងៃ។

៣.ពពួកគ្រាប់ធញ្ញជាតិ
នៅក្នុងវ័យជំទង់ សារធាតុដែលជួយទ្រទ្រង់រាងកាយដ៏សំខាន់បំផុត គឺសារធាតុចិញ្ចឹម។ ជាពិសេសអង្ករ និងស្រូវសាលី មានផ្ទុកកាបូហៃដ្រាត, ជាតិដែក, ជាតិសរសៃ និងវីតាមីន B ដែលដើរតួនាទីប្រសើរបំផុតក្នុងការជួយពន្លូតកម្ពស់។

៤.ស៊ុត
ស៊ុត គឺជាអាហារបំប៉នដែលល្អបំផុតសម្រាប់រាងកាយ ព្រោះវាមានផ្ទុកសារធាតុសំខាន់ៗជាច្រើន ជាពិសេសប្រូតេអ៊ីន និងវីតាមីន B12។ ប៉ុន្តែស៊ុត ក៏អាចជួយជំរុញដល់ការពន្លូតកម្ពស់ផងដែរ ប្រសិនបើអ្នកទទួលទានមួយថ្ងៃ ៣គ្រាប់ (សូមទទួលទានតែស៊ុតសបានហើយ)។

៥.បន្លែ និងផ្លែឈើផ្សេងៗ
សូមទម្លាប់រួមបញ្ចូលប្រភេទផ្លែឈើ និងបន្លែផ្សេងៗឲ្យបានច្រើនទៅក្នុងរបបអាហារជាប្រចាំថ្ងៃ ព្រោះវាអាចផ្តល់ជាតិសរសៃ, វីតាមីន និងសារធាតុខនិជ ដើម្បីជួយជំរុញឲ្យរាងកាយមានការលូតលាស់បានល្អ៕

ប្រភព៖ boldsky

មតិយោបល់