ភ្នំពេញៈ យុវជន២នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលជិះម៉ូតូលឿនបំពានភ្លើងស្តុបក្រហម ហើយជ្រុលបុករថយន្ត RANGE ROVER ពីចំហៀងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យបឹងត្របែក តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៤៨៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ បើករថយន្ត RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-2772 និងមាននារីម្នាក់ទៀតរួមដំណើជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ និងមានស្តុបផងនោះ ដោយសារតែអទិភាពភ្លើងខៀវ ទើបបន្តដំណើរទៅមុខទៀត ភ្លាមនោះស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1B-5750 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនទាំងស្តុបក្រហម ក៏ជ្រុលបុករថយន្តពីចំហៀងផ្នែកខាងស្តាំពេញទំហឹងបណ្តាលឲ្យរងរបួសទាំង២នាក់ ចំណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិកានគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់